អាជ្ញាធរ​និងក្រុមហ៊ុន កំពុង​ពន្លឿន​នីតិវិធី​មួយ​ចំនួន ដើម្បី​បើកដំណើរការ​កំពង់ផែ​អន្តរជាតិ​តារាសាគរ

កំពង់ផែអន្តរជាតិតារាសាគរ ដែលស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង គ្រោងនឹងបើកដំណើរនាពេលឆាប់ខាងមុខនេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន កំពុងធ្វើការពន្លឿនលើនិតិវិធីមួយចំនួន ដើម្បីធានាប្រសិទ្ធភាព និងភាពងាយស្រួលដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា។

នេះបើយោងតាម កិច្ចប្រជុំ រដ្ឋបាលខេត្តកោះកុង ជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ស្ដីពីការដាក់ដំណើរការកំពង់ផែតារាសាគរកម្ពុជា លក្ខណៈអន្តរជាតិនៅកាលពីដើមសប្តាហ៍នេះ។

តាមរយៈកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការកំពង់ផែខាងលើ ដែលរៀបចំឡើងនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង បានគាំទ្រដល់កិច្ចដំណើរការរបស់កំពង់ផែតារាសាគរកម្ពុជា។

កិច្ចប្រជុំដដែល បានឱ្យដឹងបន្តថា រដ្ឋបាលខេត្តនឹងស្នើសូមគោលការណ៍ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធចូលរួមពិនិត្យ និងវាយតម្លៃទីតាំងកំពង់ផែខាងលើនេះ។ ចំពោះរដ្ឋបាលខេត្តនឹងបន្តសហការជាមួយក្រុមហ៊ុន ដើម្បីពិនិត្យនីតិវិធីក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការជាមួយក្រុមហ៊ុន ដើម្បីរៀបចំសំណើទៅក្រសួងពាក់ព័ន្ធ និងទីស្តីការគណៈរដ្ឋមន្រ្តី។

យ៉ាងណាមិញ បើតាមរដ្ឋបាលខេត្តកោះកុង បានអះអាងដែរថា ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការរាយការណ៍ជូនដល់លោកស្រីអភិបាលខេត្ត រដ្ឋបាលខេត្តនឹងរៀបចំកំណត់ហេតុលម្អិតនៃកិច្ចប្រជុំពិភាក្សាក្នុងថ្ងៃនេះ។

គួរបញ្ជាក់ដែរថា ក្រោយពិភាក្សាស្រាវជ្រាវស្របតាមផ្លូវច្បាប់ និងបទដ្ឋានបច្ចេកទេសស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តនឹងរៀបចំលិខិតគាំទ្រដើម្បីបើកដំណើរការជាផ្លូវការរបស់កំពង់ផែអន្តរជាតិ៕