សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។
ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតថៃ-កម្ពុជា ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរដល់កម្ពុជាដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងឱកាសវិនិយោគនៅក្នុងខេត្តទាំងបួននេះ។
ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត និងខិតខំជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Tull TRAISORAT ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំកម្ពុជា ឯកឧត្តមនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងទៀត។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕
