ការវិវត្តន៍ចុងក្រោយរឿងពន្ធគយ! នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ចរចាផ្ទាល់ជាមួយភាគីអាមេរិក នាពេលឆាប់ៗខាងមុខនេះ

ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។

ជាលទ្ធផលវិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាម៉េរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ ។

បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងធ្វើការចរចាផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះផងដែរ ។

ជាមួយគ្នានេះផងដែរ​ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត​ ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ខាងក្រោមនេះ ជា“សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក”