ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យពលរដ្ឋកម្ពុជា បានជួបជុំនិងធ្វើបុណ្យរួមគ្នា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការ ចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែយើងក៏មិនអាចមើលរំលងពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយដូច ពេលនេះដែរ។ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពី គ្រប់ទិសទីសម្រាប់កសាងសមិទ្ធផលនានាឲ្យចេញជារូបរាងនៅថ្ងៃនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រាកដណាស់ សមិទ្ធផលទាំងឡាយដែលយើងធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែង ពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ប៉ុន្តែយើងទាំងអស់គ្នា ក៏គួរចងចាំថា កត្តា ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា អាចមានឱកាសពូនជ្រុំជាកម្លាំងកាយចិត្ត និងចូលរួមជួយសាងសង់សមិទ្ធផល ទាំងអស់នេះបាន គឺការណ៍ដែលយើងទាំងអស់គ្នារស់នៅក្រោមដំបូល នៃសុខសន្តិភាព ជាមួយជំនឿសាសនាដ៏ពេញលេញ និងជីវភាពធូរធាររបស់ ប្រជាជនកម្ពុជាបច្ចុប្បន្ន៕