កម្ពុជា ប្រាប់ IMF ពីកំណើនវិនិយោគផ្ទាល់ពីបរទេស ដោយសារយន្តការ «គោះទ្វារវិនិយោគិន»

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី កាលពីពេលថ្មីៗនេះ ទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Kenichiro Kashiwase ជាប្រធានបេសកកម្មមកកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត និងទីភ្នាក់ការ IMF បានពិភាក្សាយ៉ាងពិស្តារ ស្តីពីវឌ្ឍនភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច, យុទ្ធសាស្រ្តក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តផ្នែកពន្ធ ការលើកទឹកចិត្តមិនមែនពន្ធ គោលនយោបាយឧស្សាហកម្ម, ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានចែករំលែកជូនបេសកជន IMF ឱ្យបានជ្រាប អំពីបទពិសោធន៍ជោគជ័យក្នុងការទាក់ទាញ FDI, ទស្សនវិស័យ និងតួនាទីយ៉ាងសំខាន់របស់ គ.វ.ក./ក.អ.ក. ក្នុងការចូលរួមស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងគន្លឹះដែលនាំឱ្យកម្ពុជាទទួលបានកំណើន FDI គួរជាទីមោទនក្នុងឆ្នាំ២០២៤ និងបីខែដើមឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ នោះគឺ យន្តការ “គោះទ្វារវិនិយោគិន” និងការទាក់ទាញវិនិយោគដោយចំគោលដៅ ដែលបានពាំនាំព័ត៌មានជាក់លាក់ ទៅដល់វិនិយោគិនដោយផ្ទាល់ អំពីលក្ខណៈអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍ ចែករំលែកដ៏ពិស្ដាររបស់ ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង គ.វ.ក./ ក.អ.ក. លោក Kenichiro Kashiwase មានការវាយតម្លៃខ្ពស់ ចំពោះទស្សនវិស័យ និងផែនការច្បាស់លាស់របស់ គ.វ.ក./ក.អ.ក. ក្នុងការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាពខ្ពស់ ចូលរួមស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទាក់ទាញ FDI និងការអះអាងអំពីការប្តេជ្ញាផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដើម្បីរួមចំណែកក្នុងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។

ជាការកត់សម្គាល់ថា ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​គោលនយោបាយ និង​អនុវត្ត​វិធីសាស្ត្រ​ដើរ​គោះ​ទ្វារ​វិនិយោគិន​​ឃើញ​ថា បាន​ផល​ជាមួយនឹង​គម្រោង​វិនិយោគ​ជា​ច្រើន ។ ជាក់ស្តែង ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង។ បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរថា ត្រីមាសទី១ ឆ្នាំ២០២៥នេះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់១,២ប៊ីលានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន២១៥លានដុល្លារ។ក្នុងនោះ ប្រភពទុនវិនិយោគកម្ពុជាមាន ៥៣,០៨% ចិនឈានមុខលំដាប់ទី២ មាន៤០,៥៤%៕