ជុំវិញសង្គ្រាមពាណិជ្ជកម្មបញ្ឆេះឡើងដោយលោកដូណាល់ត្រាំ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លើកឡើងករណីដោយឡែកសម្រាប់កម្ពុជា គឺម្ខាងខិតខំចរចារដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង ម្ខាងខិតខំតស៊ូទប់ស្កាត់ឥទ្ធិពលដែលជះពីខាងក្រៅ និងម្ខាងទៀត គឺរក្សាការងារជូនពលរដ្ឋ។
ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដឹកនាំជំរុញ បរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះសំណេរបង្ហាញពីការស្វែងយល់អំពី «សង្គ្រាមពាណិជ្ជកម្ម»។
ឯកឧត្តមបានលើកទល្ហីករណ៍ខ្លះៗពី សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតមាន ដូចតទៅ៖
១- ពិភពលោកយើងបច្ចុប្បន្ន កំពុងបោះជំហ៊ានដ៏ជ្រៅប្រកបដោយគ្រោះថ្នាក់ ចូលទៅក្នុងភ្លើងសង្គ្រាមពាណិជ្ជកម្ម ដែលផ្តើមឡើងដោយ សហរដ្ឋអាមេរិក។ សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងផ្ទុះឡើងនេះ មិនត្រឹមតែនឹងឈានទៅបំផ្លាញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបំផ្លាញចោលរួចទៅហើយនូវតួនាទីស្ថាប័នពាណិជ្ជកម្មពិភពលោក WTO និងក៏បំផ្លាញចោលនូវសណ្តាប់ធ្នាប់ពិភពលោកផងដែរ។ និយាយម្យ៉ាងទៀត សង្គ្រាមឈ្លានពាន ដែលកើតបន្តបន្ទាប់នៅច្រើនកន្លែង បានបំពានច្បាប់អន្តរជាតិ និងបានបំផ្លាញចោលនូវតួនាទីអង្គការសហប្រជាជាតិ UN ខណៈសង្គ្រាមពាណិជ្ជកម្មពេលនេះ គឺបំផ្លាញចោលតួនាទី WTO តែម្តង។ សង្គ្រាមទាំង២ទម្រង់នេះ គឺបានធ្វើឱ្យយន្តការពិភពលោកចុះខ្សោយ និងលែងមានតម្លៃ។ ដូច្នេះ យើងឃើញថា ពីពិភពលោកមួយ ដែលធ្វើពាណិជ្ជកម្មសេរីភាព សហប្រតិបត្តិការ ចែកប្រយោជន៍គ្នាទៅវិញទៅមក ទៅជាពិភពលោកមួយ ដែលផ្តួលគ្នាទៅវិញទៅមកតាមអំពើចិត្ត បោះបង់ចោលច្បាប់ទម្លាប់និងគោលការណ៍ជាសកលនានា។ វាជាដំណាក់កាលនៃការធ្វើតាមទំនើងចិត្ត និងតាមតែកម្លាំង?
២- តើអ្វីជាមូលហេតុពីក្រោយនៃការកើតមានសង្គ្រាមពាណិជ្ជកម្មដ៏អាក្រក់នេះ? សហរដ្ឋអាមេរិក ចង់ឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្មជាមួយ ចិន និងការទាញយកមកវិញនូវអាជីវកម្មនិងការងារ ព្រមទាំងចង់គ្រប់គ្រងបច្ចេកវិទ្យាដែលកើតឡើងថ្មីៗ (New Emerging Technologies)។ យុទ្ធវិធីមួយនៅក្នុងជម្លោះពាណិជ្ជកម្មជាមួយ ចិន ដែលយើងឃើញជាក់ស្តែង ក្រៅតែពីតម្លើងពន្ធពី៣៤% និងតម្លើងទៅ៥០% គឺលោក ដូណាល់ ត្រាំ ទាមទារទិញយកក្រុមហ៊ុន TikTok របស់ ចិន។ ប៉ុន្តែ ចិន នឹងមិនញញើតនិងចុះញ៉មចំពោះសង្គ្រាមនេះទេ។
៣- ចុះហេតុអ្វី សហរដ្ឋអាមេរិក ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយបណ្តាប្រទេសដទៃទៀត ក្រៅតែពីប្រទេស ចិន? សង្គ្រាមពាណិជ្ជកម្មនេះ ពិតជាមានផ្សារភ្ជាប់ជាមួយបញ្ហា ភូមិសាស្ត្រនយោបាយ។ ជាចំហគឺ អាមេរិក និយាយតែអំពី អតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដែលសំដៅលើទំនិញនាំចេញនានាសម្រាប់ការប្រើប្រាស់។ ប៉ុន្តែរឿងមួយដ៏សំខាន់ដែលអាមេរិកមិននិយាយសោះ ហើយដែលយើងគួរយល់ដឹង គឺទីផ្សារនាំចេញអាវុធ។ អាមេរិក ជាប្រទេសលក់អាវុធដ៏ធំមួយលើពិភពលោក ហើយទំហំការទិញលក់អាវុធ គឺធំធេងដ៏មិននឹកស្មានដល់ រួមទាំងការលក់យន្តហោះចម្បាំងជាដើម។ តើប្រទេសប៉ុន្មាន មានសមត្ថភាពផលិតនិងលក់ទំនិញទាំងនេះ? ដូច្នេះ មហាអំណាចនៅតែដើរខ្សែលើចំពោះពិភពលោកតូចតាច។ តួលេខនៃការតម្លើងពន្ធខ្លះ គឺដាក់ដើម្បីចរចារលើចំណុចផ្សេងទៀត ក្រៅពីបញ្ហាជញ្ជីងពាណិជ្ជកម្មក៏ថាបាន។ ក្នុងន័យនេះ សូមកុំបន្តុះបង្អាប់ជាតិសាសន៍ឯង ឱ្យក្លាយជាជនរងគ្រោះ នៅក្នុងបញ្ហានិងផលប្រយោជន៍របស់អ្នកដទៃ។ យើងត្រូវរួមគ្នារកចំណុចខ្លាំងរបស់យើង ហើយដោះស្រាយដោយទន់ភ្លន់ដើម្បីផលប្រយោជន៍ប្រទេសទាំងសង្ខាង និងការពារប្រយោជន៍ជាតិយើង។
៤- សាវតា ៖ សង្គ្រាមពាណិជ្ជកម្ម ធ្លាប់កើតក្នុងទសវត្សរ៍ឆ្នាំ១៩៣០ បន្ទាប់មកក៏បានក្លាយជាឈ្នួននៃការផ្ទុះសង្គ្រាមប្រដាប់អាវុធ នោះគឺការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី១។ ទ្រឹស្តីនយោបាយ បានព្រមានថា កាលណាសេដ្ឋកិច្ចក្រឡាប់ចាក់ (social economic upheaval) នោះវានាំឱ្យកើតមាននូវអស្ថេរភាព ហើយអាចឈានទៅចម្បាំងរាំងជល់។ ទោះបីយ៉ាងណា សង្ឃឹមថា ពិភពលោកមិនហ៊ានផ្ទុះសង្គ្រាមទៅចុះ ពីព្រោះនុយក្លេអ៊ែ អាចផ្ទុះស្លាប់ទាំងអស់គ្នា។ ក៏ប៉ុន្តែ បើប្រទេសដែលខ្លាំង បែរជាចាប់យកតាមលំនាំ សហរដ្ឋអាមេរិក ក្នុងការបន្តធ្វើសង្គ្រាមពាណិជ្ជកម្មដែរ នោះប្រាកដណាស់ ប្រទេសតូចៗនឹងជួបភាពវេទនា ហើយពិភពលោកយើងនេះ កាន់តែលែងគោរពច្បាប់អន្តរជាតិ ដែលខ្លួនប្រឹងបង្កើតហើយ។ ប្រទេស ចិន គ្មានការញញើតចំពោះសង្គ្រាមពាណិជ្ជកម្មជាមួយ អាមេរិកឡើយ ហើយ ចិន ប្រកាសត្រៀមតម្លើងពន្ធ៥០% ដូចអ្វីដែលអាមេរិកប្រកាសដែរ។ ចិន បានដាក់សម្ពាធទៅលើ អាមេរិក វិញ ហើយក៏បានដាក់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងបញ្ជីខ្មៅផងដែរ។ សហគមន៍អឺរ៉ុប ក៏បានកំពុងក្រោកឡើងតស៊ូក្នុងសង្គ្រាមពាណិជ្ជកម្មនេះដែរ ពីព្រោះ អឺរ៉ុប ព្រួយបារម្ភពីបញ្ហាអតិផរណា។ ប្រទេសកាណាដា ក៏មិនសប្បាយចិត្តជាមួយអាមេរិកដែរ។ ជប៉ុន ដែលជាសម្ព័ន្ធមិត្តអាមេរិក ក៏រងការតម្លើងពន្ធពីអាមេរិកដែរ ហើយបណ្តាប្រទេសមួយចំនួននៅអាស៊ី រួមទាំង ប្រទេសសឹង្ហបុរី បានបង្ហាញការព្រួយបារម្ភខ្លាំង និងប្រកាសចាត់វិធានការទប់ទល់សង្គ្រាមពាណិជ្ជកម្មនេះ ដោយសារប្រទេសខ្លួនពឹងអាស្រ័យដ៏ច្រើនលើសលប់លើវិស័យពាណិជ្ជកម្ម។ សឹង្ហបុរី បានប្រកាសការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចខ្លួននឹងធ្លាក់ចុះ។
៥- ផលនៃសង្គ្រាមពាណិជ្ជកម្ម ៖ ដូចពាក្យថា «នៅក្នុងបញ្ហា ក៏មានឱកាសដែរ»។ ប្រទេសឥណ្ឌា សម្ងំយ៉ាងប្រយ័ត្នប្រយែងក្នុងបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ។ កន្លងមក ឥណ្ឌា បានផលចំណេញពី សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមរយៈទិញប្រេងក្នុងតម្លៃទាប យកទៅលក់បន្ត។ ដូច្នេះ ឥណ្ឌា នឹងបន្តរង់ចាំចាប់យកឱកាសថ្មីនេះ ដើម្បីត្រង់យកឱកាសការងារ ដើម្បីពង្រឹងសេដ្ឋកិច្ចខ្លួន។
៦- កម្ពុជាយើង មិនមែនជាករណីដោយឡែកនោះទេ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដើរលើបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហាប្រឈមទ្វេភាគី ក្នុងលក្ខណៈសកលនេះ។ ជម្រើសដ៏ប៉ុនប្រសព្វរបស់យើង គឺម្ខាងខិតខំចរចារដើម្បីរក្សាផលប្រយោជន៍ទាំងសង្ខាង ម្ខាងខិតខំតស៊ូទប់ស្កាត់ឥទ្ធិពលដែលជះពីខាងក្រៅ និងម្ខាងទៀត គឺរក្សាការងារជូនពលរដ្ឋយើង។ នេះជាទីលានដែល កម្ពុជាយើងមិនត្រូវការឈ្នះ និងមិនត្រូវការចាញ់ ប៉ុន្តែដើម្បីយើងអាចគេចផុតពីព្យុះដោយសុវត្ថិភាព។
៧- ខ្ញុំមិនបន្តទៀតទេ។ បងប្អូន ដែលមានចំណេះដឹងជ្រៅជ្រះ អាចជួយបន្ថែមនូវចំណុចដទៃទៀត សម្រាប់ការយល់ដឹង។ សំខាន់បំផុត អ្វីដែលយើងត្រូវបន្តរួមគ្នា គឺផ្តល់កម្លាំងចិត្ត ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំជួរមុខនិងមន្ត្រីបច្ចេកទេសរបស់យើង ក្នុងការតស៊ូចរចារដើម្បីបន្តរក្សាបាននូវផលប្រយោជន៍ជាតិរបស់យើង ជាពិសេស គឺយើងជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៕
