តារាចម្រៀងល្បីឈ្មោះអ្នកនាង ឆោម និមល ខកខានក្នុងការចូលរួមកម្មវិធីចូលឆ្នាំថ្មីប្រពៃណី ខ្មែរ អស់ពេលជាង២០ឆ្នាំមកហើយ បន្ទាប់ពីចេញទៅរស់នៅ សហរដ្ឋអាមេរិក ដោយឡែកសម្រាប់ឆ្នាំថ្មីនេះ នាងបានវិលត្រឡប់មកស្រុកកំណើតនិងត្រៀមចូលរួមកម្មវិធីតន្រ្តីនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

ជួបជាមួយអ្នកនាង ឆោម និមល នៅក្នុងកម្មវិធីថតចម្រៀងរបស់សមាគមទូរទស្សន៍កាលពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកនាងបានឱ្យដឹងថា អ្នកនាងពិតជារីករាយណាស់ដែលបានចូលរួមថតកម្មវិធីជួបជុំមិត្តសិល្បករ បន្ទាប់ពីខកខានក្នុងការជួបជុំនេះអស់ពេលជាង២០ ឆ្នាំ ។ ឆ្នាំនេះនាងសុំលេងអស់ដៃហើយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនៅទឹកដីអង្គរ ។ ថ្វីដ្បិតតែការចូលរួមថតកម្មវិធីនេះមិនទទួលបានប្រាក់កម្រៃអ្វី ប៉ុន្តែក្តីស្រឡាញ់ដែលនាងមានចំពោះវិស័យចម្រៀង បានជម្រុញចិត្តរបស់នាងឱ្យចូលរួមកម្មវិធីនានាដោយពុំអាចអាក់ខានបាន ។
តារាចម្រៀង ឆោម និមល នៅតែច្រៀងពិរោះដូចដើម បើទោះបីជានាងបានចេញទៅរស់នៅ សហរដ្ឋអាមេរិក អស់ពេលជាង២០ឆ្នាំមកហើយក្តី ជាពិសេសនាងនៅតែស្រឡាញ់តន្រ្តី វប្បធម៌ និងការស្លៀកពាក់ជារបៀបខ្មែរយើងក្នុងឱកាសបុណ្យទានផ្សេងៗ ។
តារាចម្រៀង ឆោម និមល មកលេងស្រុកកំណើតលើកនេះរួមជាមួយក្រុមតន្រ្តីរបស់ខ្លួនទាំង ៦ នាក់ផងដែរដែលមានឈ្មោះថា « Dengue Fever Music » ដើម្បីចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាច្រើនទៅតាមការអញ្ជើញរបស់ម្ចាស់ ស្ព័នស័រមួយចំនួន ។ អ្នកនាងថា ឆ្នាំនេះពិតជាសំណាងណាស់ ដែលបានចូលរួមកម្មវិធីធំៗជាច្រើននៅក្នុងស្រុកខ្មែរ ជាពិសេសកម្មវិធី សង្រ្កាន្តឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ៕



