ឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ដែលបានប្រកាសដាក់ឲ្យអនុវត្តអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជានោះ មិនបង្អង់យូរ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅ ឯកឧត្តម ដូណាល់ ត្រាំ ដោយស្នើបើកការចរចាក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងស្នើរដ្ឋាភិបាលអាម៉េរិក ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ។

ក្នុងលិខិតផ្ញើទៅកាន់ ឯកឧត្តម ដូណាល់ ត្រាំ នៅថ្ងៃទី០៤ មេសា សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ច ជូនលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីធ្វើការទាក់ទងជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីអនុវត្តកិច្ចការចរចានេះ។
សម្តេចបរវធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។
ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមទៅកាន់ប្រធានាធិបតីអាមេរិកថា អត្រាពន្ធនាំចូលផលិតផលរបស់អាម៉េរិកខ្ពស់បំផុត ដែលកម្ពុជាកំពុងអនុវត្ត ជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី គឺកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ផ្ញើលិខិតទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកផងដែរ។ ក្នុងលិខិតនោះ លោកជំទាវ ចម និម្មល បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាលបរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការអភិវឌ្ឍប្រកបដោយចីរភាព របស់កម្ពុជា។

លោកជំទាវ ចម និម្មល បានបញ្ជាក់ថា កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាព ជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក សំដៅឈានទៅសម្រេចបានលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយនឹងក្តីរំពឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីភាគីអាម៉េរិក លោកជំទាវរដ្ឋមន្ត្រី ក៏បានអរគុណចំពោះរដ្ឋាភិបាលអាម៉េរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការចូលរួមក្នុងន័យស្ថាបនា ក្នុងរយៈពេលជាច្រើនទសវត្សនេះ ដែលក្នុងនោះ ការនាំចេញភាគច្រើនរបស់កម្ពុជាទៅ សហរដ្ឋអាម៉េរិក ជាការបំពេញបន្ថែមដល់ផលិតផលនិងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសដំឡើងអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ដោយគ្រោងអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។ កម្រិតអត្រាពន្ធដំឡើងថ្មីនេះ បានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលរងការដាក់ពន្ធខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន។
តាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២%។ ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤% ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃជាង ២៦០លានដុល្លារ៕
អត្ថបទ៖ ពុទ្ធិកា