ប្រធាន គ.ជ.ប ប្រាប់គ្រប់គណបក្សនយោបាយ មិន​ត្រូវ​ផ្ដល់​អំណោយទិញទឹកចិត្តអ្នកបោះឆ្នោត

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃទី២ និង​ថ្ងៃទី៣ ​ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវ​នាវដល់​គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោល​ការណ៍​ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌សម្រាប់ការបោះឆ្នោត គោលការណ៍ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់បេក្ខជន និង​គណបក្សនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ។

ក្នុងនោះ ឯកឧត្តម ប្រធាន គ.ជ.ប គ្រប់បេក្ខជន និងគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ។ ឯកឧត្តមក៏អំពាវនាវចំណុចសំខាន់ៗ ដូចខាងក្រោម៖

  • គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្រ​របស់ខ្លួនទៅហែក ឬបំផ្លាញចោលសម្ភារ ឯកសារឃោសនារបស់គណបក្សនយោបាយ ឬ/និងបេក្ខជនដទៃឡើយ
  • គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាម​កំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត
  • គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃទៀតឡើយ
  • គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន ឬអ្នកគាំទ្រ ឬលើបុគ្គលណាម្នាក់ឡើយ
  • គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យា បោះឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ
    -គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត វិភាគទាន ជូនសគុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់​កាស ឬជាសម្ភារ ទោះបីតាមមធ្យោបាយ ឬរូបភាពណាក៏ដោយដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត
  • គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញង់ឱ្យមានការរើសអើងទៅលើសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់
  • គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវគំរាមកំហែង ឬបំភិតបំភ័យដោយផ្ទាល់ ឬដោយប្រយោលដល់បុគ្គលណាម្នាក់ ឬក្រុមគ្រាំទ្រណាមួយ ដើម្បីឱ្យគេគាំទ្រ​ខ្លួន ឬបំបាក់ទឹកចិត្តបុគ្គលទាំងនោះឱ្យឈប់គាំទ្រដល់បេក្ខជន ឬគណបក្សនយោបាយដទៃទៀតឡើយ៕