ថ្មអារកម្ពុជា ក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន

ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន សម្រាប់ប្រាស់ក្នុងវិស័យសំណង់ (ក្រាលចិញ្ចើមថ្នល់ ក្នុងផ្ទះ ចង្ក្រានបាយ បន្ទប់ទឹក។ល។) ម៉ុង ក្តារមឈូស និងស្លាកព្រលឹង។
ថ្មអារកម្ពុជាមានលក្ខណៈស្អាត តម្លៃធូរថ្លៃ សូមបងប្អូនយើងជួយគាំទ្រផលិតផលក្នុងស្រុក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា សមាគមថ្មអារកម្ពុជាបាន នាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ចូលរួមពិព័រណ៍តថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ ឆ្នាំ២០២៥ នៅទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីពីថ្ងៃទី ១៦-១៩ ខែមីនា ឆ្នាំ២០២៥។

វិស័យថ្មអារ សំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិ ដែលកាត់ចេញពីភ្នំ និងភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ និងគ្រឿងសង្ហារឹមផ្សេងៗជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។

គិតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារទូទាំងប្រទេសមានចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹ ៩០គម្រោង ស្ថិតក្នុងខេត្តចំនួន ១១ និងមានផ្ទៃដីសរុបប្រហាក់ប្រហែលទំហំជាង ៥ពាន់ហិកតា ក្នុងនោះមាន៖ ខេត្តក្រចេះ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកំពត, ខេត្តតាកែវ, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តព្រះវិហារ, ខេត្តរតនគីរី, ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។

កម្ពុជា​បាននាំចេញថ្មអារជាង ៥លានសន្លឹក សម្រាប់ទូទាំងប្រទេស ឆ្នាំ២០២៤ បើធៀបនឹង២០២៣ កើនជាង​៥ដង ក្រោយមានគោលនយោបាយគាំទ្រពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។ វិស័យថ្មអារនេះ បានរួមចំណែកជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ចំណូលថវិកាជាតិ ដូចជា សួយសារអាករ, ពន្ធគយនាំចេញ និងពន្ធដា ខណៈដែលវិស័យរ៉ែថ្មអារនេះ បាននាំឱ្យចំណូលមិនមែនសារពើពន្ធវិស័យរ៉ែ កំពុងកើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០ ភាគរយ ធៀបឆ្នាំ២០២៣ ឬប្រមាណ ១៥០ភាគរយ នៃផែនការក្នុងច្បាប់ថវិកាឆ្នាំ២០២៤។

គិតត្រឹមដើមឆ្នាំ២០២៥ ក្រុមហ៊ុនជាច្រើនមានសមត្ថភាពនាំចេញថ្មក្រានីតទៅកាន់ទីផ្សារអន្តរជាតិមានចន្លោះចាប់ពី ២ម៉ឺន ទៅ ៣ម៉ឺនកុងទឺន័រក្នុងមួយឆ្នាំ។ ហើយការនាំចេញក្នុងវិស័យថ្មអាររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នាបច្ចុប្បន្នមានកំណើនរហូតដល់ ៥ដង៕