សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។

សម្តេចជឿជាក់ថា បេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។
បន្ថែមពីនេះ សម្តេចលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលនឹងធ្វើឱ្យប្រជាជនវៀតណាម កាន់តែទទួលបានការអភិវឌ្ឍ និងជឿនលឿន ជាបន្តបន្ទាប់។
លោក ង្វៀន មិញវូ បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស ជាពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង។ លោលបានបង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
លោកឯកអគ្គរដ្ឋទូតវៀតណាម បានជម្រាបសម្តេពញាចក្រី អំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមវៀតណាម ជាពិសេសគឺការធ្វើកំណែទម្រង់ដ៏ធំធេង របស់វៀតណាម ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សថែមទៀត ឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអណរគុណចំពោះសម្តេច ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានខិតខំកសាងនិងពូនជ្រុំទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរនាពេលកន្លងមក និងគោរពស្នើសុំការគាំទ្រពីសម្តេច ចំពោះបេសកកម្មការទូតថ្មីរបស់ឯកឧត្តម ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ កាត់តែប្រសើរឡើងថែមទៀត៕


