ធ្លាប់តែបង្ហើបក្តីស្រឡាញ់ចំពោះលោក Nick Taylor មុន ពេលនេះលោក Nick Taylor បាន Surprise កញ្ញា រ៉ាប៊ី វិញម្តង ដោយបានលុតជង្គង់សុំនាងរៀបការយ៉ាងផ្អែមល្ហែមបំផុតនៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់ អ្វីដែលពិសេសនោះមង្គលការអ្នកទាំងពីរអាចនឹងកើតឡើងនៅក្នុងអំឡុងខែ ឧសភា ឆ្នាំ២០២៥ បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ។

កញ្ញា រ៉ាប៊ី និងកីឡាករបាល់ទាត់ល្បីឈ្មោះ Nick Taylor បានស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ហើយអ្នកទាំងពីរថែមទាំងបានជួបមុខគ្រួសារទាំងសងខាងរួចរាល់ដែរ រងចាំតែពេលវេលាល្អមកដល់តែប៉ុណ្ណោះ ។ កន្លងមក រ៉ាប៊ី ធ្លាប់បានប្រាប់ថា នាងចង់ចំណាយពេលវេលាយ៉ាងយូរពីរឆ្នាំទៀតដើម្បីមើលចិត្តគ្នាជាមួយ Nick Taylor ដែលជាគូស្នេហ៍ខ្លួន ដោយសារនាងមិនចង់ខកចិត្តពេលរៀបការហើយជួបប្រទះនូវការលែងលះ ។
គ្រាន់តែបង្ហើបប្រាប់មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះលោក Nick Taylor បាន Surprise កញ្ញា រ៉ាប៊ី នៅចំណោមមុខអ្នកគាំទ្ររាប់រយនាក់ ដោយបានលុតជង្គង់ និងបានសុំកញ្ញា រ៉ាប៊ី រៀបការ ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ។
ដោយមិនបង្អង់យូរ រ៉ាប៊ី បានយល់ព្រមនិងទទួលចិញ្ចៀនរៀបការពីលោក Nick ភ្លាមៗ ហើយអ្នកទាំងពីរថែមទាំងបានបញ្ជាក់ចិត្តស្មោះចំពោះគ្នានៅចំពោះមុខអ្នកគាំទ្រ ដោយស្នាមថើម និងសន្យារៀបការក្នុងការពេលឆាប់ៗ ។
បើតាមគម្រោង រ៉ាប៊ី និងកីឡាករ Nick Taylor ត្រៀមដឹកដៃគ្នាចូលរោងការនៅក្នុងខែ ឧសភា ឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួច ។ សម្រាប់កញ្ញា រ៉ាប៊ី គឺចង់រៀបចំពិធីមង្គលការសាមញ្ញៗប៉ុណ្ណោះទៅតាមប្រពៃណី ខ្មែរ ។ ទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំមើលកញ្ញា រ៉ាប៊ី និងលោក Nick Taylor ក្នុងឈុតមង្គលការ ៕



