ក្រុមកា​រងារជំនាញ ទៅសិក្សាប្រភ​ពទឹកនៅតំបន់ខ្នងផ្សា ដើម្បីរក​លទ្ធភាព​ទាញ​យកមកទឹកផ្គត់ផ្គង់​ឲ្យ​​ប្រជាពលរដ្ឋ

ក្រុមមន្ត្រីជំនាញដែលរួមមាន កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះសិក្សាប្រភពទឹក ដើម្បីសិក្សាបន្ថែមពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការចុះសិក្សានេះបានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ដែលឲ្យសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំ។

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា ក្រុមការងារជំនាញរបស់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ប្រភពទឹកចំនួន ២ រួមមាន៖ បឹងលាង និង ត្រពាំងបញ្ចាំពឹកដី ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រុមការងារជំនាញ បានកត់សម្គាល់ថា ប្រភពទឹកទាំងពីរ គឺជាប្រភពទឹកដ៏មានសក្តានុពលចេញពីក្រោមដី នៅក្នុងតំបន់រលាក់កងជើងផ្ទាល់ ដែលនឹងអាចទាញយកទឹកប្រើប្រាស់ជាប់ជាប្រចាំ ហើយក្រុមការងារជំនាញ នឹងគ្រោងបញ្ចប់សិក្សាក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចផ្តល់ប្រយោជន៍ជូនដល់សហគមន៍ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំណាយពេលប្រមាណ ៤ម៉ោងនិង៣០នាទី ធ្វើដំណើរដោយថ្មើរជើង ពិនិត្យទិដ្ឋភាពជាក់ស្តែង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ និងបានជួបជជែកស្តាប់សំណូមពររបស់តំណាងសហគមន៍ផងដែរ។

ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ សម្តេចក៏បានសម្រេចកំណត់លើការងារមួយចំនួនដូចជា ប្រគល់ភារកិច្ចជូន ក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោ​ជន៍​សាធារណៈនិងសហគមន៍នៅតំបន់នេះ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ  កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្ត។

សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ ហើយប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការសម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេស​ចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ៕