និស្សិត​​អា​ហ្សង់ទីន​ម្នាក់​ ជ្រើសរើស​ប្រធាន​បទ«សន្តិភាពនៅកម្ពុជា»សរសេរសម្រាប់​​​និក្ខេបបទ​ថ្នាក់ប​​ណ្ឌិតរប​ស់​ខ្លួន

និស្សិតជនជាតិអាហ្សង់ទីនម្នាក់ បានធ្វើដំណើរមកកម្ពុជា ដើម្បីសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លើប្រធានបទ «សន្តិភាពនៅកម្ពុជា»។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលមាននិស្សិតបរទេសបានចាប់លើសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន។

តាមរយៈសំណេរនៅលើបណ្តាញសង្គម ក្រោយពីបានជួបជាមួយនិស្សិតជនជាតិអាហ្សង់ទីនរូបនេះ នៅព្រលានយន្តហោះ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរថា «ចៃដន្យ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃើញក្មួយប្រុសម្នាក់ជានិស្សិតជនជា​តិអាហ្សង់ទីនកាន់សៀវភៅខ្ញុំបីច្បាប់ ក្នុងនោះមានសៀវភៅ សម្តេចតេជោ សៀវភៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសៀវភៅសម្តេចធិបតី ជាភាសាអង់គ្លេស។ គាត់បានមកកម្ពុជាដើម្បីសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លើប្រធានបទ សន្តិភាពនៅកម្ពុជា។»

បន្ទាប់ពីប្រាប់ថា បានជាអ្នកសរសេរទាំងនេះនិស្សិតជនជាតិអាហ្សង់ទីនរូបនោះ ក៏សុំបានហត្ថលេខាភ្លាម និងបាននិយាយថា «នេះជាកិត្តិយសសម្រាប់ខ្ញុំ ដែលបានជួបអ្នកនិពន្ធដោយចៃដន្យ និងបានហត្ថលេខា»។ នេះបានតាមសំណេរបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឆាយ សុផល ។

គួរបញ្ជាក់ថា កម្ពុជា បានបិទបញ្ចប់សង្រ្គាមស៊ីវិល និងការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រនៅក្នុងប្រទេស កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយប្រើប្រាស់នយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ។​ សន្តិភា​ព​ដែ​លកម្ពុជាមានបច្ចុប្បន្ននេះ គឺជាសន្តិភាពក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥០០ ឆ្នាំកន្លងមក​ ដែលកម្ពុជា​មិន​ធ្លាប់​មាន​​សន្តិភាព សាមគ្គីភាព និង​សុខដុមរមនា​ជាតិ​ពេញលេញ​បែបនេះ​ទេ។

រយៈពេល ២៧ឆ្នាំ កន្លងមកនេះ នយោបាយឈ្នះ-ឈ្នះ បានប្រែក្លាយតំបន់អតីតសមរភូមិនានានៅកម្ពុជា ទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែមានភាពរីក ចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើង។

បន្ថែមពីនេះ កម្ពុជា ក៏បានកំណត់ថ្ងៃទី២៩ ខែធ្នូរៀងរាល់ឆ្នាំ គឺជា“ទិវាសន្តិភាពនៅកម្ពុជា” ដែលប្រារព្ធឡើង​ជាការឆ្លើយតប​ទៅនឹង​បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។ ជាពិសេស គឺរំលឹកដល់បញ្ចប់​សង្គ្រាមទាំងស្រុងនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ ៕

អត្ថបទ​៖ ពុទ្ធិកា