ការស្រលាញ់សៀវភៅ គឺជាទម្លាប់មួយដែលត្រូវតែបណ្តុះតាំងពីវ័យក្មេង តួយ៉ាងឪពុកម្តាយ ដែលតែងតែនិទានរឿងឱ្យកូនស្តាប់ ឬនាំកូនទៅបណ្ណាល័យអានសៀវភៅ គឺជាទម្លាប់ដែលជួយត្រួសត្រាយផ្លូវឱ្យកូនតូចស្រលាញ់សៀវភៅ និងចង់អានចង់សរសេរ។ ការអានសៀវភៅជួយឱ្យយុវជនដឹងពីប្រវត្តិសាស្ត្រ រឿងរ៉ាវបទពិសោធរបស់មនុស្សជំនាន់មុនៗ និងយល់ច្បាស់ពីអត្តសញ្ញាណជាតិ ដែលចាំបាច់ក្នុងការបង្កើតឱ្យមានឧត្តមគតិស្នេហាជាតិ ឯកភាពជាតិ កាត់បន្ថយជម្លោះ ក្នុងន័យនេះ បើសង្គមមិនស្គាល់ ឬយល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន អតីតកាលងងឹតអាចនឹងកើតឡើងវិញម្តងទៀត។
ដូច្នេះហើយបានជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាកញ្ចប់អំណានដំបូងយ៉ាងសម្បូរបែប រួមមានសៀវភៅរឿង សៀវភៅរៀនអាន សៀវភៅអានបន្ថែម វិធីសាស្ត្រអំណានក្នុងបណ្ណាល័យ អំណានក្នុងថ្នាក់រៀន វិធីសាស្ត្របង្រៀនអាននិងសរសេរ ជាពិសេសលើកទឹកចិត្តមាតាបិតា អ្នកអាណាព្យាលបាលអានឱ្យកូនស្តាប់នៅផ្ទះ។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅ អបអរសាទរទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។

ពិព័រណ៍សៀវភៅបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបើកជូនសាធារណជនចូលទស្សនាដោយសេរី ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ ក្នុងការពិព័រណ៍នេះ នឹងមានការបង្ហាញជូននូវសៀវភៅជាច្រើនប្រភេទ ស្របតាមតម្រូវការរបស់អ្នកអាន ក្នុងនោះរួមទាំងសៀវភៅដែលជាស្នាដៃនិពន្ធដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីផងដែរ។
ការរៀបចំពិព័រណ៍សៀវភៅ បានផ្តល់ឱកាស និងលើកទឹកចិត្តដល់អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយ ឱ្យបន្តផ្សព្វផ្សាយពីសមិទ្ធផល និងស្នាដៃរបស់ខ្លួន ក្នុងគោលដៅចែករំលែកចំណេះដឹង និងបទពិសោធដ៏មានតម្លៃជាច្រើន ខណៈសម្បូរសៀវភៅល្អកាន់តែច្រើន អ្នកអានក៏កាន់តែកើនឡើង។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន នឹងជួយលើកកម្ពស់ដល់ពុទ្ធិបញ្ញាញាណ ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ មិនតែប៉ុណ្ណោះ ពិព័រណ៍ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ បានក្រើនរំលឹកកូនខ្មែរជំនាន់ក្រោយឱ្យដាក់ទូរស័ព្ទ និងហ្គេមចុះ ងាកមកចាប់យកការអាន និងសរសេរឱ្យបានច្រើន បង្កើនស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌តែងនិពន្ធ និងអក្សសាស្ត្រជាតិ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិ៕
