គណបក្សកាន់អំណាច បើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៤

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលបានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម សារិន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល ព្រមទាំងមានការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាននៃបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម សារិន បាននាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចប្រធានគណបក្ស ពីសំណាក់សម្ដេចប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល ព្រមទាំងបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ដែលបានសហការរៀបចំការបើកវគ្គអប់រំនយោបាយ តាំងពីជំនាន់ទី១ រហូតដល់ជំនាន់ទី៨៤ នេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងបានវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការគណបក្សគ្រប់ខេត្ត រាជធានី និងគណបក្សនៃក្រសួង ស្ថាប័ននានា ដែលបានខិតខំជំរុញការងារអប់រំនយោបាយតាមគ្រប់លទ្ធភាព ឆ្លើយតបទៅនឹងស្មារតីដឹកនាំរបស់គណៈអចិន្រ្តៃយ៍នៃ គណៈកម្មាធិការកណ្តាល ជាពិសេសឆ្លើយតបទៅនឹងសំណូមពរនៃការកសាង និងពង្រឹងកម្លាំងបន្តវេនរបស់គណបក្ស។

ឯកឧត្តម ម៉ម សារិន បានគូសបញ្ជាក់ថា ការងារអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាការងារមួយដ៏មានសារៈសំខាន់ និងចាំបាច់ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក មិនថាក្នុងសម័យតស៊ូ ឬពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសឡើយ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់មន្រ្តីគណបក្សនៅគ្រប់ថ្នាក់ ឲ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។ ព្រមជាមួយនេះ ការងារអប់រំនយោបាយ ក៏ជាថ្នាលដ៏សំខាន់មួយសម្រាប់បណ្តុះបណ្តាល និងបំពាក់បំប៉នកម្លាំងបន្តវេនរបស់គណបក្សផងដែរ។ សម្រាប់បរិបទដែលគណបក្សយើងបន្តកាន់អំណាចដឹកនាំប្រទេសក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ការងារនេះនៅតែមានតួនាទីដ៏សំខាន់ចាំបាច់ក្នុងការចូលរួមកសាងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីធានាជោគជ័យរបស់គណបក្ស ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូច ទៅអនាគត។

ឯកឧត្តម ម៉ម សារិន ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅរបស់កម្ពុជាដែលកំពុងបន្តវិវត្តជាវិជ្ជមាន ទោះបីកម្ពុជានៅបន្តទទួលរងឥទ្ធិពលពីការប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមមួយចំនួនទៀតក្តី។ ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាបានសម្រេចជោគជ័យថ្មីៗទៀត ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជោគវាសនារបស់ប្រទេសជាតិ។ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួនក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ។ ជាក់ស្ដែងសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបានកំណើនខ្ពស់, អត្រាប្ដូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាប, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បាន និងកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួនប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីធានាឲ្យវគ្គអប់រំនយោបាយជំនាន់ទី៨៤ នេះ ទទួលបានលទ្ធផលល្អ ឯកឧត្តម ម៉ម សារិន បានលើកឡើងនូវសំណូមពរ៤ចំណុច ដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះរួមមាន ៖ ១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ដែលមានតួនាទីជាគណៈគ្រប់គ្រងវគ្គផងដែរនោះ សូមខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនេះឲ្យបានល្អ និងទាន់ពេលវេលា ,២.សូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ ,៣.សូមសិក្ខាកាមគ្រប់រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត និង៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ថែរក្សាចំណងមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាមជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គដោយស្មារតីយោគយល់ និងសុខដុមរមនា។