សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភ្នំខ្នងផ្សារ ល្អលើសអ្វីដែលបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃចុងសប្តាហ៍នេះ បានឆ្លៀតពេលវេលាចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដោយសម្តេចបានចំណាយពេល ៤ម៉ោងកន្លះ ធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។

សម្តេចបវរធិបតី បានបង្ហោះវីដេអូសកម្មភាពធ្វើដំណើរថ្មើរជើង ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា៖​«លឺមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ។ កាលពីថ្ងៃម្សិលឆ្លៀមិញ ខ្ញុំបានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម»។

ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

គួរជម្រាបថា ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ភ្នំខ្នងផ្សារ ជាទីតាំងប្រសព្វ​មុំបី ដែលផ្សារ​ភ្ជាប់ខេត្តចំនួនបី គឺកោះកុង កំពង់ស្ពឺ និងខេត្ត​ពោធិ៍សាត់៕