ឆ្លៀតក្នុងឱកាសនៃពិធីអបអបរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញទស្សនាបន្ទប់ទារកដ្ឋានដែលស្ថិតនៅក្នុងទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយត្រូវបានដាក់សម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ដោយផ្ទាល់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទារកដ្ឋាននេះបានដំណើរការយ៉ាងរលូន និងបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងមេីលថែកុមារតូចជាកូនមន្រ្តីរាជការប្រកបដោយភាពយកចិត្តទុក ព្រមទាំងជាកន្លែងបណ្តុះបណ្តាលដំបូងដល់កុមារតូច ពីសំណាក់គ្រូៗដែលមានបទពិសោធផងដែរ។ ទារកដ្ឋានរបស់ក្រសួងពិតជាបានផ្តល់ឱកាសដល់មន្ត្រីរាជការជាស្រ្តីដែលមានកូនតូចអាចបំពេញការងារបានដោយចិត្តស្ងប់ និងបង្កើតផលិតភាពការងារជូនអង្គភាពថែមទៀតផង។
គូសបញ្ជាក់ថា ការកសាងទារកដ្ឋាននេះឡើងគឺស្របនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដោយចាត់ទុកកន្លែងថែទាំងទារកនិងកុមារគឺពិតជាមានភាពចាំបាច់ ក្នុងការជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ហើយម្តាយអាចវិលត្រលប់មកបំពេញការងារបានក្រោយពេលសម្រាលកូនរួច ព្រមទាំងអាចធ្វើការជូនស្ថាប័នដោយមិនមានការបារម្ភពីកូនតូច៕




