សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងគាំទ្រលោក ផន ផល្លា​ ចំពោះការកៀរគរមូលនិធិជួយសង្រ្គោះកុមាររងគ្រោះផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់លិខិតសរសើរ ជូនចំពោះលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានធ្វើសកម្មភាពកៀរគរមូលនិធិជួយសង្រ្គោះកុមាររងគ្រោះផ្សេងៗ។

ក្នុងលិខិតសរសើរ បានបញ្ជាក់ថា សម្តេច និងភរិយា បានតាមដានដោយយកចិត្តទុកដាក់ លើសកម្មភាពមនុស្សធម៌របស់លោក ផន ផល្លា តាមរយៈ បណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា ហើយសម្តេចសូមអរគុណ និងកោតសរសើរដោយស្មោះ ចំពោះសមានចិត្ត និងកាយវិការប្រកបដោយភាពច្នៃប្រឌិត ក្នុងការកៀរគរកម្លាំងសប្បុរសធម៌ពីមហាជន ដើម្បីជួយដល់កុមារគ្មានទីពឹង ក្មេងកំព្រា ក្មេងអនាថា ក្មេងពិការ ក្មេងត្រូវបានគេរំលោភបំពាន ព្រមទាំងក្មេងរងគ្រោះ ផ្សេងៗទៀត ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារ ព្រមទាំងបញ្ជូនឱ្យទៅសិក្សា។

ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចបវរធិបតីសម្ដែងនូវមោទនភាព ចំពោះសកម្មភាពរបស់លោក ដែលជាកម្លាំងចលករដ៏សប្បុរស ចូលរួមចំណែកដោយផ្ទាល់ ក្នុងការកសាងសមិទ្ធផលសង្គមជាតិ។

លោក ផន ផល្លា តាមរយៈគណនីហ្វេសប៊ុកនៅល្ងាចថ្ងៃទី៧ ខែមីនានេះ បានបង្ហោះសារថា៖ «ខ្ញុំសូមគោរពអរគុណពុកម៉ែបងប្អូនដែលបានរួមដំណើរជាមួយខ្ញុំតាំងពីដើមមក ក្នុងការសណ្តោសដល់កូនៗរងគ្រោះនានា តាមរយៈ
កម្មវិធីមូលនិធិលក់អាវរបស់ខ្ញុំ ហើយនាពេលនេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់សម្តេចធិបតី ដែលបានផ្តល់ការលើកទឹកចិត្ត ព្រមទាំងឧបត្ថមគាំទ្រដល់កម្មវិធីមូលនិធិមួយនេះ ក្នុងការរួមសង្រ្គោះកូនៗកុមាររងគ្រោះ របស់យើងទាំងអស់គ្នា»។

គួរជម្រាបថា កាលពីឆ្នាំ២០២៤ អង្គការមណ្ឌលមែកឈើ បានបើកយុទ្ធនាការ «អាវ១មួយជួយអាហារកុមារមែកឈើ១ឆ្នាំ» ក្នុងគោលបំណងកៀរគរថរិកាពីសប្បុរសជនជួយដល់កុមារកំព្រាដែលមណ្ឌលមែកឈើធ្វើរៀងរាល់មួយឆ្នាំម្តង។ អង្គការដែលចិញ្ចឹមកុមារជិត ២០០នាក់នេះ លក់អាវចំនួន១០ម៉ឺន ក្នុងរយៈពេល១ខែ ក្នុងតម្លៃអាវមួយ ៧ដុល្លារ ដែលជាការកៀរគរថរិការជួយកុមារកំព្រាពេញមួយឆ្នាំដូចឆ្នាំមុនដែរ៕