សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។
ប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្ត ខេត្តឧត្ដរមានជ័យ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅទឹកដីខេត្តឧត្ដរមានជ័យ នៅទីបញ្ជាការ វរសេនាតូចថ្មើជើងលេខ៤១១ នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ៏យ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏មានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែន ដោយបានណែនាំអោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្ដទុកដាក់គិតគូរដល់ជីវភាពរស់នៅ របស់កងកម្លាំងតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តឧត្តរមានជ័យ។ កាលពីថ្ងៃម្សិលម៉ិញនេះ សម្តេច ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ២.២៥០គ្រួសារ មកពីស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា បានប្រគល់ជូន ស្បៀង-សម្ភារៈចំនួន ២២៥ឈុត សម្រាប់ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ នាំយកអំណោយទាំងនេះ ទៅបន្តចែកជូនដល់លំនៅដ្ឋានប្រជាជនងាយរងគ្រោះបំផុត។ ដូច្នេះសរុបការផ្តល់អំណោយជូនប្រជាជនងាយរងគ្រោះបំផុត ទាំង៥ក្រុង/ស្រុក ក្នុងខេត្តឧត្តរមានជ័យ មានសរុប ៤.៥០០គ្រួសារ។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទទួលបានការឧបត្ថម្ភ ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធានជូនកាកបាទក្រហមកម្ពុជាជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ៕




