សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាដែលបានចូលរួមនាថ្ងៃនេះ។
សម្តេច បានមានប្រសាសន៍បន្តថា ប្រធានបទឆ្នាំនេះ មានគោលបំណងរំលេចអំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រី។
សម្តេចបានគូសបញ្ជាក់ថា «ស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យ មានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»៕

