ការពិត៖ រដ្ឋមន្ត្រីធនធានទឹក អំពាវនាវដើម្បីជួយដល់ប្រជាកសិករ បែរជាត្រូវវិទ្យុបរទេសមួយយកទៅបំភាន់មតិសាធារណៈ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងសារអំពាវនាវឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ គឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លឺក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ។

ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៤ ខែមីនានេះ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានជម្រាបជូនអ្នកសារព័ត៌មានអំពីសមិទ្ធផលនានាដែលសម្រេចបាន ចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ នៃរដ្ឋសភា នាចុងឆ្នាំ១៩៩៩ មកទល់នឹង ពេលបច្ចុប្បន្ន ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចផងដែរនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំ សរុបចំនួន ២៣៥២ ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតា ព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងសរុបចំនួនជាង ៤ពាន់លានម៉ែតគូប។តាមរយៈសមិទ្ធផលទាំងនេះ បានធ្វើឱ្យការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង នៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ ព្រះរាជាណាចក្រម្ពុជា មានការដាំដុះស្រូវប្រាំងប្រមាណ ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ២០២៤-២០២៥នេះ ការដាំដុះ ស្រូវប្រាំងនៅព្រះរាជាណាចក្រកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមាន ទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀតឈានទៅ ការដាំដុះស្រូវប្រាំងលើកទីបីផងដែរ។

ដោយពិនិត្យឃើញការដាំដុះស្រូវប្រាំងមានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលយើងបាន រក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០%សម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្ញើសារអំពាវនាវទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយសូមមេត្តាកុំបន្តបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះ អាចនាំឱ្យមានការប្រឈមទៅនឹងការខូចខាត។

បើតាមក្រសួងធនធានទឹក សេចក្តីអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លឺក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញ ដែល ប្រការនេះធ្វើឱ្យមានការយល់ច្រឡំនៅក្នុងសាធារណមតិ។

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ខ្ពស់លើការដោះស្រាយទឹក ដើម្បីបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់វិស័យផ្សេងទៀតដែរ។ ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះក្រសួង បាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត ក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមាន សមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប អាងទឹកដូន ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មាន សមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើ ការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់ធ្វើការសាងសង់។

តាមរយៈការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់លើវិស័យធនធានទឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករថា នៅដំណាច់ឆ្នាំ២០២៧ ក្រសួងធនធានទឹក និងឧតុនិយម នឹងបង្កើនសមត្ថភាពស្តុកទឹកបានប្រមាណ ១០០០ លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបម្រើដល់ការស្រោចស្រពវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម៕