សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារថា៖ «ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។

ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។

ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ»។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។

«បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕