សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមសកម្មជនបក្សប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្វាគមន៍ចំពោះការចូលរួមជាមួយគណបក្ស​ប្រជាជនកម្ពុជា ពីសំណាក់សកម្មជនគណបក្សប្រឆាំង។

សារពិសេសតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី០៤ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅក្រុមយុវជនសង្គមស៊ីវិលពីផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងបរទេសខ្លះ មកលើរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោបានបង្ហាញនូវការពេញចិត្ត ការលើកឡើងតាមរយៈសារវីដេអូ និងលិខិតរបស់លោក គោរម្យ ដាឡា អតីតប្រធានគ្រប់គ្រងនិស្សិត តាមបណ្តាញសាកលវិទ្យាល័យរបស់គណបក្សប្រឆាំង និងក្រុមយុវជនផ្សេងទៀតដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោមានប្រសាសន៍ថា៖ «បរទេសមួយចំនួនបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់ មិន​មែនជាការមូលបង្កាច់ ពីសំណាក់បក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនៗគឺជាសាក្សីរស់ពិតប្រាកដ។ ពុកអរគុណ ដែលកូនៗបានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយជាធនធានមនុស្ស ដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ»។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹង និងជឿជាក់ថា ក្រុមយុវជនសកម្មជនគណបក្សប្រឆាំង នឹងក្លាយទៅជាធនធាមនុស្សដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា និងរបស់ប្រទេសជាតិ ដែលនឹងជួយឲ្យកម្ពុជា មានការរីកចម្រើនទៅមុខ ដោយហេតុថា ក្រុមសកម្មជននេះ ធ្លាប់បម្រើនូវនយោបាយរបស់បរទេស។ ដូច្នេះប្រាកដណាស់ បានយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទ៖ អក្ខរា