ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមានវត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា,សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ,សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីអ្នកមុខអ្នកការ ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  ព្រមទាំងមានព្រះរាជវត្តមានព្រះញាតិវង្សានុវង្ស ផងដែរ។

នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ផ្ញើជូនជនរួមជាតិ ព្រះអង្គ បានមានព្រះរាជបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។