ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន

ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសម្រេចកិច្ចព្រមព្រៀងរ៉ែកម្រមិនបានសម្រេចជោគជ័យទេ ថែមទាំងមានការម្លើងសម្លេងតឹងសរសៃ ករវាងមេដឹកនាំទាំងពីរទៀតផង។

ជុំវិញទិដ្ឋភាពនៃជំនួបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន។

តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេររៀបរាប់ថា៖ «ឃើញលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែនបាត់ម្ចាស់ការក្រោយពីសម្តីប្រមាថរបស់អនុប្រធានាធិបតី Vance និង លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយក៏តម្លើងសម្លេងតឹងសរសៃ ក តជាមួយលោកត្រាំ ដែលបណ្តាលអោយគម្រោងចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរត្រូវធ្លាក់ទឹកមក ទើបនឹកស្ងើចសរសើរសម្តេចតេជារបស់កម្ពុជាយើង ។ លោកចេះបត់បែនតាមសភាពការណ៍តែនៅរក្សាជើងអុកបានល្អនៅក្នុងគ្រប់កាលៈទេសៈ ។ ខ្ញុំចាំមិនភ្លេចនៅពេលទៅចរចាជាលើកដំបូងជាមួយព្រះបរមរតនកោដ្ឋ សម្តេចតេជោត្រូវដេញចេញមិនអោយនៅក្នុងសណ្ឋាគារជាមួយព្រះបរមរតនកោដ្ឋ បើសិនជាមនុស្សផ្សេងប្រហែលមកស្រុកខ្មែរវិញបាត់ ព្រោះពេលនោះពិតមែនតែមានសង្គ្រាមក្នុងស្រុក តែរដ្ឋាភិបាលចម្រុះត្រីភាគីត្រួតត្រាទឹកដីមិនបាន ៥ % ផង ។ តែសម្តេចតេជោ សុខចិត្តទៅនៅកន្លែងផ្សេងដើម្បីឈានទៅជំនួបជាប្រវត្តិសាស្ត្រសីហនុ-ហ៊ុនសែន ។ ហើយជាបន្តបន្ទាប់ ពេលចរចាសម្តេចតេជោមួយអង្គឯង តនឹងមេបក្សទាំង ៣ ( ហ្វ៊ុនស៊ិនប៉ិច រណសិរ្សរំដោះលោកសឺនសាន និង ខ្មែរក្រហម ) និង បន្ទាប់មកទៀត ការចរចាក្រោមឆត្រ អ៊ុនតាក់ ដែលពេលនោះមហាអំណាចទាំងអស់ក្រៅពីសហភាពសូវៀតដែលកំពុងមានវិបត្តិផ្ទៃក្នុងច្រើនមិនអាចជួយអ្វីបាន សុទ្ធតែលម្អៀងទៅរដ្ឋាភិបាលត្រីភាគី និង យល់ថា រដ្ឋកម្ពុជា ត្រូវតែកម្ចាត់ចេញ សម្តេចតេជោនៅតែរក្សាបានប្រៀបលើតុចរចា ។ នេះជាឥរិយាបទមួយដែលអ្នកនយោបាយតិចណាស់មានបែបនេះ ។ នេះជាសំណាងរបស់កម្ពុជា !»៕