អគ្គនាយកដ្ឋានគយ កម្ទេចទំនិញល្មើសច្បាប់និងខូចគុណភាព ទម្ងន់ប្រមាណ៥០០តោន

ទំនិញល្មើសច្បាប់ និងខូចគុណភាព ចំនួន១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កម្ទេចចោលតា​ម​លក្ខណៈបច្ចេកទេសស្តង់ដាប្រកបដោយសុវត្ថិភាពនិងមិនប៉ះពាល់ដល់បរិស្ថាន នៅទីតាំងក្រុមហ៊ុនផ្ទាល់ ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។​

ការកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាពទាំងនេះ មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ,លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប ,តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូអភិវឌ្ឍន៍នានា តំណាងក្រុមហ៊ុននាំចូលបារី ម្ចាស់សិទ្ធិនាំចូលទំនិញមួយចំនួន មន្រ្តីគយនិងរដ្ឋាករ និងសាធារណជន ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផល នៃការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។ ការដុតបំផ្លាញទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញគ្រោះថ្នាក់ ដែលគរពូនក្នុងបរិមាណច្រើន ហើយពិធីនេះត្រូវបានធ្វើឡើងជាលើកទីមួយក្នុងទ្រង់ទ្រាយធំបែបនេះ ដែលមិនធ្លាប់មានពីមុនមក។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន ដោយយកសំណាកទំនិញមួយចំនួនមកធ្វើការវិភាគ ដើម្បីកំណត់វិធីសាស្ត្រកម្ទេចបំផ្លាញ ជាពិសេសទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ និងបានជ្រើសយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (ផ្នែកអេកូសាយខល) ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវ​ត្ថិភាពខ្ពស់ក្នុងការកម្ទេចទំនិញខាងលើ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។

គួរបញ្ជាក់ថា ទំនិញដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានគោលការណ៍ឯកភាព ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ទេចចោលនាពេលនេះ មានចំនួន ១០៧ មុខ និងមានទម្ងន់ប្រមាណ ៥០៧ តោន រួមមាន ទំនិញល្មើសកម្មសិទ្ធិបញ្ញា ,ទំនិញល្មើសច្បាប់, ទំនិញខូចគុណភាព និងសារធាតុគីមី និងសារធាតុគ្រោះថ្នាក់៕