បន្ទាប់ពីខកខានក្នុងការថតMVចម្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ អស់ពេលជាង១០ឆ្នាំ ស្រាប់តែពិធីករនាយ ព្រែក លាន់មាត់បែបនេះនៅពេលដែលបានជួបជាមួយលោក ព្រាប សុវត្ថិ ជាថ្មីម្តងទៀតនៅក្នុង MV ចម្រៀង « ម៉េចហើយជីវិត » ។

ស្របពេលដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញMV ចម្រៀងថ្មីដែលមានចំណងជើងថា « ម៉េចហើយជីវិត » គឺមហាជនចាប់អារម្មណ៍ឃើញថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជ្រើសរើសនាយ ព្រែក មកចូលរួមសម្តែងជាមួយលោកផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ដូចមហាជនបានដឹងស្រាប់ហើយថា នាយ ព្រែក ធ្លាប់បានថតបទចម្រៀងជាច្រើនជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ តាំងពីជាង១០ឆ្នាំមុន គឺអាចនិយាយបានថាតាំងពីនាយ ព្រែក នៅតូចៗមិនទាន់ដឹងអី ។
ពេលនេះនាយ ព្រែក ពេញរូបពេញរាង និងមានរូបរាងសង្ហា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសិល្បៈ ហើយលោកក៏ទើបតែមានឱកាសបានចូលរួមថត MV ចម្រៀងថ្មីជាមួយលោក ព្រាប សុវត្ថិ ជាថ្មីម្តងទៀត ។
នាយ ព្រែក បាននិយាយថា « ខ្ញុំថតជាមួយបង សុវត្ថិ តាំងពីខ្ញុំនៅក្មេង កន្លងទៅ១០ឆ្នាំជាងថតជាមួយបងប្រុសម្តងទៀតក្នុងបទ « ម៉េចហើយជីវិត » គិតទៅពេលវេលាពិតជាលឿនណាស់ ! សូមបងប្អូនរីករាយកម្សាន្តជាមួយបទចម្រៀងនេះសម្រាប់ឆ្នាំ ខ្មែរ »។
នាយ ព្រែក បានសម្តែងនូវអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជារីករាយណាស់ដែលបានចូលរួមថត MV ចម្រៀងថ្មីឡើងវិញជាមួយតារាចម្រៀង ព្រាប សុវត្ថិ ។ លោកសង្ឃឹមថាឱកាសក្រោយៗទៀត លោកអាចនឹងបានចូលរួមសម្តែងជាមួយលោក ព្រាប សុវត្ថិ កាន់តែច្រើន ពីព្រោះរាល់ MV ចម្រៀងលោក ព្រាប សុវត្ថិ ចេញម្តងៗថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ ៕


