នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ហើយលោក Wu Qian នាយកការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបាននិយាយបង្ខូចបង្អាប់ទំនាក់ទំនងចិននិងកម្ពុជា។
លោក Wu Qian បានចាត់ទុកការលើកឡើងនេះ គឺប្រឌិតទាំងស្រុង គឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច។ លោកបានបញ្ជាក់ថា ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ យោធានៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។ ភាគីទាំងពីរបានរៀបចំសមយុទ្ធរួម “នាគមាស” ចំនួនប្រាំមួយលើក និងលំហាត់សមយុទ្ធ “ទេវតាសន្តិភាព” ប្រកបដោយជោគជ័យ ព្រមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យនានា ដូចជាសាលាយោធា ការងារដោះមីន និងព័ត៌មានជាដើម។ថ្មីៗនេះ ក្រសួងការពារជាតិកម្ពុជា បានផ្តល់មេដាយជូនដល់សាលាយោធាដែលផ្តល់ជំនួយពីចិនដល់កម្ពុជា និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធា ដែលបានផ្តល់ជំនួយដោយចិននៅកម្ពុជា។
ជំហានបន្ទាប់ យោធាចិននឹងធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរបានសម្រេច ហើយជំរុញទំនាក់ទំនងរវាងយោធាទាំងពីរឱ្យឈានដល់កម្រិតថ្មី និងសម្រេចបាននូវការអភិវឌ្ឍន៍ថ្មីបន្ថែមទៀត។
ការទុកចិត្ត ប្រៀបដូចជា ដើមឈើដែលចាក់ឫសក្នុងដីដ៏រឹងមាំ ហើយមានជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងយោធារវាងចិននិងកម្ពុជា បានឆ្លងកាត់ ការសាកល្បងនៃការចលាចលអន្តរជាតិគ្រប់ទិដ្ឋភាព រាល់ការប៉ុនប៉ងបង្កាច់បង្ខូច នឹងត្រូវបញ្ចប់ដោយបរាជ័យ។ នេះជាការបញ្ជាក់បន្ថែមពីលោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន៕
