កងទ័ពខៀវកម្ពុជាជិត២០០នាក់ ជាកងប្តូរវេន ធ្វើយុទ្ធដំណើរចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់

កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ជាកងទី១៥ និងជាកងប្តូរវេន មានចំនួន ១៨៤នាក់ ក្នុងនោះស្ត្រីចំនួន ៣៥នាក់ បានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋលីបង់។

ខណៈកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៣៦ ជាកងទី១៤ មានចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រី ៣៨នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ នៅតំបន់ Marjayoun សាធារណរដ្ឋលីបង់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាព ប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋលីបង់។

ពិធីនេះជូនដំណើរ និងទទួលកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១៦ ហើយកងវិស្វកម្មពហុជំនាញលេខ៨៦៣ គឺជាកងទី១៥ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ ក្នុងនាមកងទ័ពមួកខៀវកម្ពុជា ត្រូវរក្សាបាននូវភាពស្អាតស្អំ មានវិន័យល្អ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមរបស់អង្គការសហប្រជាជាតិ ដោយយកសុវត្ថិភាពជាចម្បង រហូតទទួលបានជោគជ័យ ដោយមិនមានសមាជិកណាម្នាក់របួស ឬពលី ដោយយថាហេតុណាមួយឡើយ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។

ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានបន្តថា សម្រាប់ទ័ពដែលចូលរួមនៅក្នុងតំបន់បំពេញបេសកកម្ម ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមបទបញ្ជា ការណែនាំរបស់មេបញ្ជាការកងកម្លាំងអង្គការសហប្រជាជាតិ ប្រចាំតំបន់ដែលត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវបំផុត ដើម្បីរក្សាសុខសុវត្ថិភាព។

នាឱកាសនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានពាំនាំពាក្យពេចន៍ផ្តាំផ្ញើជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ដោយឡែកចំពោះកងដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងថា កងកម្លាំងដែលបានធ្វើមាតុភូមិនិវត្តន៍វិញ គឺបានបញ្ចប់បេសកកម្មរបស់ខ្លួន និងទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ចដែលទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិប្រចាំអាហ្វ្រិកកណ្តាលដាក់ជូន គឺកម្លាំងយើងបានបំពេញការងារ នៅតំបន់បេសកកម្ម គឺចុះទៅកម្ទេចគ្រាប់ បោសសម្អាតគ្រឿងផ្ទុះ និងធ្វើការងារមនុស្សធម៌ជាច្រើនផងដែរ ដូចជាជួសជុល និងសាងសង់ស្ពាន និងចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្សផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ បានលើកឡើងថា កម្លាំងរក្សាសន្តិភាពកម្ពុជាដែលបានវិលមកកាន់មាតុភូមិវិញប្រកបដោយសុវត្ថិភាព និងបានពាំនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ជូនព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមសកម្មភាព និងលទ្ធផលសម្រេចបានអាចវាយតម្លៃបានថាកម្លាំងមួកខៀវកម្ពុជា បានប្រើប្រាស់ជំនាញ វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាព សហប្រតិបត្តិការ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។ យើងក៏អាចវាយតម្លៃផងដែរថាកម្លាំងទាំងនេះពិតជាបានទទួលការហ្វឹកហ្វឺនជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់ អ.ស.ប មុនចេញបំពេញបេសកកម្មហើយរក្សាបាននូវសុវត្ថិភាព តាមការផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំនានា។

គួរឱ្យដឹងថា ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្ម មានចំនួន ៦២៧នាក់ ក្នុងនោះ នារីចំនួន ១៣១នាក់ ស្មើនឹង ២០.៩% ក្នុងប្រទេសចំនួន៥ គឺស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ។ តាមការវាយតម្លៃរបស់ អ.ស.ប នាខែមីនា ឆ្នាំ២០២៤ កម្ពុជាទទួលបានលំដាប់លេខរៀងទី២ លើ១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំង។ រីឯការចូលរួមរបស់នារីទទួលបានលេខរៀងទី១៤ លើ១១៩ ប្រទេសដែលបរិច្ចាគកងកម្លាំងចំណែកក្នុងអាស៊ាន កម្ពុជាបន្តទទួលបានលេខ៣ រីឯនារីបន្តទទួលបានលេខ២៕