សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករកម្ពុជា ឈ្នះមេដាយមាសដំបូងគេក្នុងស៊ីហ្គេម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភា នេះផ្ទាល់តែម្ដង។

ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា នេះជាការឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ សម្តេចសូមជូនពរ កីឡាករ កីឡាការិនី កម្ពុជាឲ្យទទួលបាន មេដាយមាសក្នុងការប្រកួតជាបន្តទៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែឧសភានេះ កម្ពុជាទទួលបានមេដាយ ៣គ្រឿង លើវិញ្ញាសារជូជីតស៊ូ ក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ១-ផ្នែកសម្តែងគូរបុរស ទទួលបានមេដាយមាស ១គ្រឿង, ២-ផ្នែកសម្តែងគូរនារី ទទួលបានមេដាយប្រាក់ ១គ្រឿង និង៣-ផ្នែកប្រយុទ្ធ កីឡាការិនី ខាន់ ចេសា ទម្ងន់ ៥២ kg ទទួលបានមេដាយ ប្រាក់ ១គ្រឿង៕

អត្ថបទ៖ អក្ខរា