កងទ័ពជើងគោក ប្រកាសជ្រើសរើសពល​ទាហា​ន​ថ្មី​ ដើម្បីបំពេញក្របខ័ណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ បើតាមគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក បានបញ្ជាក់ថា យុវជនដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំតាមលក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ ខណៈបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជននិងយោធិនកំពុង បម្រើការងារ ជាកូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត ត្រូវបានផ្តល់អាទិភាព។

គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក បានបញ្ជាក់ទៀតថា ចំពោះលក្ខណសម្បត្តិនៃការជ្រើសរើស ត្រូវមានសញ្ជាតិ ខ្មែរ ជាភេទប្រុស មានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោយមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។

ដោយឡែក កម្រិតវប្បធម៌ ចាប់ពីថ្នាក់ទី១២ឡើងទៅ ,មានកំពស់១.៦០ម៉ែត្រឡើង ,មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ ,គ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេ​ងៗ​​,បេក្ខជនត្រូវពិនិត្យសាវតាជាតិ ,បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម ,បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ នៅតាមមន្ទីរពេទ្យយោធភូមិភាគទាំង៥ និង យោធភូមិភាគ​ពិសេស,បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យ រកសាធាតុញៀន ពីគណៈកម្មការជ្រើសរើស ,បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាពបឋមនិងលក្ខណសម្បត្តិពី គណៈកម្មការ ជ្រើសរើ បើមានស​ង្ស័យឬ​មិន​ច្បាស់លាស់ពីអាការៈជំងឺត្រូវបន្តពិនិត្យវាយយតម្លៃពីមន្ទីពេទ្យព្រះកេតុមាលា និងបេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិរបស់គណៈកម្មការជ្រើសរើសយុវជន ស្ម័គ្រចិត្តរបស់កងទ័ពជើងគោក ។

សម្រាប់កាលបរិច្ឆេទចែកពាក្យ ចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ រីឯទទួលពាក្យ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីជូនដំណឹងដាច់ឡែកមួយផ្សេងទៀត គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក ក៏បានបញ្ជាក់ដែរថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាស​ចាកគោលការណ៍កំណត់​របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គណៈកម្មការ ក៏អំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុង ករណីមាន បុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការ ចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខ័ណ្ឌ ៕