លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ នឹងបង្កើតកម្មវិធី«អ្នកស្នងមរតក»និង«ថ្នាលសិល្បៈ»ដើម្បីជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ កុម្ភៈ ២០២៤។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហើបឲ្យដឹងថា សម្រាប់កម្មវិធីទី១៖ ថ្នាលសិល្បៈ គឺសមាគមនឹងបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញសិល្បៈជាច្រើនទម្រង់ សម្រាប់អ្នកដែលមានបំណងចូលបម្រើវិស័យសិល្បៈ ឬស្រឡាញ់សិល្បៈ
។ រីឯកម្មវិធីទី២៖ គឺសមាគម នឹងបង្កើត «កម្មវិធីលើកម្រាលព្រំក្រហម» ឬ មហាសន្និបាទសិល្បៈប្រចាំឆ្នាំ ដោយដាក់ឈ្មោះថា «អ្នកស្នងមរតក» ដែលនេះជាវេទិកាជជែកដេញដោល និងជួបជុំដ៏ធំប្រចាំឆ្នាំរបស់អ្នកសិល្បៈ ដើម្បីផ្លាស់ប្តូរយោបល់ កែលម្អ ជួយគ្នា និងបង្កើនភាពស្និទស្នាលរវាងគ្នានឹងគ្នា។
ទន្ទឹមគ្នា លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា នៅឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ ក៏នឹងបន្តសកម្មភាពមួយចំនួនដែលកំពុងធ្វើរាល់ថ្ងៃ ដូចជា ការជួយផ្នែកសប្បុរសធម៌ ការជួយផ្នែកផ្លូវច្បាប់ដល់សិល្បករដែលមានវិវាទ ឬបញ្ហាផ្សេងៗ ការចូលរួមក្នុងចលនា ឬសកម្មភាពសង្គមនានា និងការរៀបចំព្រឹត្តិការណ៍សិល្បៈ ដើម្បីរួមចំណែកជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ ពិសេសការរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋា
ភិបាលកម្ពុជា ជាក់ស្តែងដូចជា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាដើម។

គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៩ ឆ្នាំហើយ ។ រយៈពេល១៩ឆ្នាំមកនេះ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។
សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមបានកំពុងដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសគឺការគាំពារដល់សិល្បករចាស់ជរា ពិការ និងបាត់បង់សមត្ថភាព ៕

