ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្នើមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ទាញយកកម្មវិធី ChatGPT ដើម្បីប្រើប្រាស់សម្រាប់ជំនួយដល់ការបំពេញការងារ ការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការងារអប់រំ ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាព។
ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងធាតុចូលបន្ថែម ដូចជា៖ អាជីពជាគ្រូបង្រៀន គឺត្រូវបន្តរៀនសូត្រពេញមួយជីវិត បន្តពង្រឹងសមត្ថភាពជាប្រចាំ ទើបយើងអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមក្រុមការងារជំនាញ រៀបចំទស្សនាទានមជ្ឈមណ្ឌលសិក្សាសិក្សាពេញមួយជីវិត ដែលមានភាពច្បាស់លាស់ និងប្រាកដនិយម “មើលឱ្យធំ និងជាក់ស្តែង” ផ្អែកលើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផ្តល់ជំនាញដែលចាំបាច់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ជាពិសេសជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងមានការផ្សារភ្ជាប់ជាមួយកម្មវិធីណាមួយរបស់សាកលវិទ្យាល័យ សំដៅប្រើប្រាស់ធនធានដែលមានស្រាប់នៅតាមគ្រឹះស្ថានអប់រំសាធារណៈឱ្យអស់ពីលទ្ធភាព
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏ណែនាំឲ្យត្រូវបន្តកែលម្អកម្មវិធីសិក្សា ដោយបង្រៀនសិស្សឱ្យចេះ និងយល់ ផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង និងបណ្តុះបំណិនដោះស្រាយបញ្ហា ស្វ័យសិក្សា ត្រិះរិះពិចារណា និងលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រកួតប្រជែងផ្សេងៗ ជាក់ស្តែងសិស្សដែលបានចូលរួមក្នុងកម្មវិធីរបស់អគ្គនាយកដ្ឋានយុវជន ទទួលបានបំណិនសតវត្សទី២១ មិនខុសពីសិស្សដែលរៀននៅសាលារៀនជំនាន់ថ្មីឡើយ៕
