ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។
តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹងហក់ឡើង ៧,៨% ការកម្សាន្ត និងវប្បធម៌កើនឡើង ៥,៤% និងម្ហូបអាហារនៅតាមភោជនីយដ្ឋានកើនឡើងចំនួន ៥%។ រីឯមុខទំនិញដែលមានកម្រិតអតិផរណាកើនក្រោម ៥% រួមមាន ការសិក្សា ទំនិញ និងសេវាកម្មផ្សេងៗ ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ ផ្ទះសម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ សុខាភិបាល និងគមនាគមន៍។
ទាក់ទិននឹងការលោតឡើងខ្ពស់នៃកំណើនអតិផរណានេះដែរ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបកស្រាយថា នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករាឆ្នាំ ២០២៥ ធៀប នឹងខែមករាឆ្នាំ២០២៤។ កុំច្រឡំថាធៀបនឹងខែធ្នូ។ ចំពោះអត្រាអតិផរណខែមករា ២០២៥ ធៀបនឹងខែធ្នូ ២០២៤ មានកម្រិតត្រឹម ០,៣%។ លោកជំទាវបញ្ជាក់ថា តួលេខនេះឃើញខ្ពស់ ដោយសារកាលពីខែមករាឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញ មានកម្រិត អវិជ្ជមាន -០,៥% ដូច្នេះមូលដ្ឋាននៃការគណនាទាប ហើយយើងឃើញតួលេខនេះខ្ពស់។
បើតាមលោកជំទាវ ជា សិរី អតិផរណាខ្ពស់គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ។ នាចុងខែមករាឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួន ឡើងថ្លៃ (បន្លែកើន ១៥,៦% ផ្លែឈើកើន ១១,៩% ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧% និងថ្លៃសាច់ជ្រូកកើន ៤,៩%) ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅកើនឡើង ៧,៨%។ បើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេស្ជជៈមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ ៣,៧% ប៉ុណ្ណោះ
លោកជំទាវ បន្តថា ពាក្យថា សន្ទស្សន៍ គឺបានន័យថាជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នាដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថាការឡើងថ្លៃ ៦% ចំពោះគ្រប់ទំនិញនោះទេ។
ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ ការប្រមូលថ្លៃទំនិញគឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩ មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថាកន្ត្រកទំនិញ។ ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជាគណនាអត្រាអតិផរណា ប្រចាំខែ និងប្រចាំឆ្នាំ។ ក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះដែលសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញមួយចំនួនទៀត ។ ឧទាហណ៍ ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨% នៃកន្ត្រកមុខទំនិញសម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ។
អាត្រាអតិផរណាគឺជាសូចនាករមួយដែលអ្នករៀបចំគោលនយោបាយអាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្របដើម្បីរក្សាអំណាចទិញរបស់ប្រជាជន ។ ការរក្សាស្ថិរភាពថ្លៃជាមុខងារភារកិច្ចចម្បងមួយរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានភារកិច្ចសំខាន់ផងដែរ តាមរយៈការប្រើឧបករណ៍គោលនយោបាយសារពើពន្ធ និង ជំរុញផលិតភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក។ នេះជាការពន្យល់បន្ថែមពីលោកជំទាវ ជា សិរី៕

