កម្ពុជា​ ស្នើឡាវ រួមគ្នាពិនិត្យ​​​រៀបចំ​​កិច្ច​ព្រម​ព្រៀង​មិន​យក​ពន្ធត្រួត​គ្នា ដើម្បី​ជំរុញ​ការ​​វិនិ​យោគ​រវាង​​ប្រទេស​ទាំង​ពីរ​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានស្នើឱ្យប្រទេសឡាវ រួមគ្នា​ជាមួយ​កម្ពុជា​ពិនិត្យ​​លើការរៀបចំកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា​ជំរុញ​ការ​វិនិ​យោគ​រវាង​ប្រទេសទាំង​ពីរឱ្យ​បាន​កាន់​តែ​ច្រើន​ឡើងថែមទៀត។

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជាមានិត​​ឡាវ ដែលបានដឹក​នាំគណៈប្រតិភូ អ​ញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើក​ព្រឹត្តិការណ៍​​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែ​ឧសភា ឆ្នាំ២០២៣  នៅវិមានសន្តិភាព ។

សម្ដេចតេជោ បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសុលីត លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែល​ត្រូវធ្វើ​បន្ត​។ ហើយសម្ដេច ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបាន​ទទួលការ​អញ្ជើញមកចូលរួមពិធីបើកកី​ឡា​ស៊ី​​ហ្គេ​ម នៅកម្ពុជា ។

នៅក្នុងជំនួបនេះ  ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះ​​កម្ពុជា ដែលបាន​ជួយ​ប្រទេ​ស​ឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យ​សេដ្ឋកិច្ច។

ឯកឧត្តម ថងលុន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែល​ត្រូវ​ធ្វើ​បន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើង​មួយកម្រិត​ទៀត តាមរយៈការរួមគ្នា​អនុវត្តតា​ម​កិច្ចព្រម​ព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការ​ផ្សេង​​បន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យ​វិនិ​យោគ វិស័យសន្តិសុខ រួមគ្នាត្រៀមដោះ​ស្រាយ​គ្រោះមហន្តរាយជាយថាហេតុនានា ៕ អត្ថបទ៖ សីហា