នៅពីក្រោយនៃការបញ្ចប់សង្រ្គាមមរតករុំារ៉ៃរាប់ឆ្នាំរវាងតារាកំប្លែង ស្រីទូច និងឪពុកក្រោយ !

នៅពីនៃក្រោយការបញ្ចប់សង្រ្គាមរតករុំារ៉ៃរាប់ឆ្នាំរបស់តារាកំប្លែង ស្រីទូច និងស្វាមី គឺមានការចូលរួមចំណែកនិងជួយសម្រមសម្រួលផ្តល់មេធាវីការពារក្តីប្រចាំសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ឧកញ៉ា ម៉ៅ ចំណាន ។ 

ទាំងក្នុងនិងក្រៅសិល្បៈសុទ្ធតែបានដឹងរឿងតារាកំប្លែង ស្រីទូច ដែលបានតតាំងក្តីរឿងបែងចែកទ្រព្យសម្បត្តិជាមួយឪពុកក្រោយរបស់ខ្លួនអស់ពេលរាប់ឆ្នាំ បន្ទាប់ពីម្តាយរបស់ខ្លួនបានទទួល​ មរណៈភាព ។ ទោះបីខំប្រឹងតវ៉ាយ៉ាងណានៅតែដោះស្រាយពុំចេញ ដោយសារតែភាគីម្ខាងទៀតមិនព្រមផ្តល់នូវអ្វីដែលអ្នកស្រីចង់បាន ។  ដោយឡែកថ្មីៗនេះ តារាកំប្លែង ស្រីទូច បានសម្រេចបញ្ចប់សង្រ្គាមមរតកនោះហើយ ជាក់ស្តែងនៅថ្ងៃទី ២៤ ខែ កុម្ហះ ឆ្នាំ ២០២៥ នេះ តារាកំប្លែងជើងចាស់ អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច និង ស្វាមី លោក វ៉ាន់ តារាផាន់ ហៅនាយ ត្រដល់ ដែលជាសមាជិកក្នុងសមាគមសិល្បករខ្មែរបានទៅដល់ស្នាក់ការសមាគមសិល្បករខ្មែរ ដើម្បីថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយសម្របសម្រួល ផ្តល់មេធាវីការពារក្តីក្នុងដំណើរការដោះស្រាយវិវាទចែកមរតកក្នុងគ្រួសារ តាំងពីឆ្នាំ ២០២១ ។

តារាកំប្លែង ស្រីទូច បានឱ្យដឹងថា  « ចាប់តាំងពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២៤ លោកមេធាវី ធូន សុធា បានខិតខំជួយនាងខ្ញុំរកដំណោះស្រាយសះជា និងឈានបានដល់លទ្ធផលជាទីគាប់ចិត្ត និងបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥ » ។ 

តារាកំប្លែង ស្រីទូច បានបន្ថែមទៀតថា អ្នកស្រីទទួលបាននូវអ្វីដែលខ្លួនចង់បានហើយ ទើបសម្រេចបញ្ចប់សង្រ្គាមមរតកដ៏រុំារ៉ៃរាប់ឆ្នាំនេះ ពីព្រោះមិនចង់អូសបន្លាយពេលវេលាតទៅមុខទៀត ។ អ្នកស្រីនឹងយកទ្រព្យសម្បត្តិដែលទទួលបានជួយសម្រួលដល់ជីវភាពគ្រួសារខ្លួនដែលកំពុងមានការខ្វះខាត ៕