កងទ័ពជើងគោកកម្ពុជា-អាមេរិក បញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង- ទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកង- ទ័ពជើងគោកសហរដ្ឋ​អាមេ​រិក ប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនង ការទូត កម្ពុជា-សហរដ្ឋអាមេរិក និងបានសាទរអំពីការរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យ​ពាណិជ្ជ​កម្ម ទេសចរណ៍ វប្បធម៌ ប្រឆាំងភេរវកម្ម ថែរក្សាសន្តិភាព ការបោសសម្អាតមីន ការរុករកអិដ្ឋធាតុអតីតយោធា​អាមេរិកបាត់ខ្លួន និងកិច្ចសហប្រតិបត្តិការយោធា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលសម្រេចបន្តឡើងវិញ​នូវកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីយោធាកម្ពុជា និងការបន្តផ្តល់ជំនួយដល់វិស័យសកម្មភាពមីន នៅប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃជំនួបសន្ទនានៅក្នុងវិស័យការពារជាតិ ដើម្បីកសាងទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។

ឯកឧត្តម បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ព្រមទាំងបាន​លើកឡើងនូវគោលគំនិតកិច្ចសហប្រតិបត្តិការ មួយចំនួន ដើម្បីជំរុញមិត្តភាព ភាពជាដៃគូប្រកបដោយភាពស្ថាបនា តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក បានថ្លែងកត់សម្គាល់ កិច្ចសហប្រតិបត្តិការយោធា បានងាកមកគន្លងវិជ្ជមាន ដោយមានការផ្លាស់ប្តូរទស្សនកិច្ច ការចូលចតនាវាលើកដំបូងក្រោយពីការខកខាន អស់រយៈពេល៨ឆ្នាំ និងបានថ្លែងអំណរ​គុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ លើការរុករកអដ្ឋិធាតុកងទ័ព អាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។ ឯកឧត្តម ក៏បានជម្រាបអំពី គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក និយាយជារួម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និយាយដោយឡែក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក៏បាន បានពិភាក្សាលើសកម្មភាពកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការងារបោស សម្អាតមីន (២) កិច្ចសហប្រតិបត្តិការរុករកអដ្ឋធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន (៣) ការផ្លាស់ប្តូរបទ ពិសោធន៍ជំនាញ (៤) កិច្ចសន្ទនាកងទ័ពជើងគោក RCA-US LANDFORCE TALK (៥) ពិនិត្យលទ្ធភាព ធ្វើជាសហប្រធាន ម្ចាស់ផ្ទះរៀបចំ សិក្ខាសាលាស្តីពីការគ្រប់គ្រងកងទ័ពជើងគោក នៃបណ្តាប្រទេសក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក IPAMS និង (៦) ការរៀបចំឡើងវិញ លំហាត់ឆ្នាំអង្គរ៕