ខួបលើកទី២៦ នៃទិវាជាតិ​យល់​ដឹងអំពី​មីន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យដៃ​គូអភិវឌ្ឍបន្តគាំទ្រដល់សកម្មភា​ព​​បោសសម្អាតមីន នៅ​កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភា​ពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នា​ក់ និងកិ​ច្ចសង្គ្រោះ​ជនពិការ ដោយសារគ្រឿងផ្ទុះ ។ ការអំពាវរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសកម្ពុជា ប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥។

ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទៅបីជាបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន៣៤៨គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួនជាង១២០០គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចឱ្យបានតាមគោលដៅថ្មីគឺ «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» ។

ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលត្រូវតែយកចិត្តទុកដាក់។

សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំឲ្យ អាជ្ញាធរមីនត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំនិងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំង រៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរង ផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រការ៉េ នៅកម្ពុជា ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។

មីនប្រឆាំង មនុស្សចំនួន១ ១៩៧ ២១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៦ ៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤៕

អត្ថបទ៖ ពុទ្ធិកា