ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏អំពាវនាវដល់អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជន និងសប្បុរសជន ក្នុងដំណើរ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធី សិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា។
អាជ្ញាធរមីនត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំនិងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំង រៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរង ផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។ នេះជាការអំពាវនាវបន្ថែមរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី៕
