អភិបាលខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខនៅ តំបន់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអន្លង់វែង

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងប្រតិភូបានចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កម្លាំងឈរជើងការពារបន្ទាត់ព្រំដែន។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្ដម មានមោទនភាព ចំពោះកងកម្លាំងដែលឈរជើងការពារលើភ្នំដងរែកក្នុងភូមិសាស្ត្រអន្លង់វែង ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីរបស់យើងអោយបានគង់វង្ស៕