នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ(ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក)អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលេីកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបេីកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។ នេះបើតមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC
ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ឯកឧត្តម ហេង រតនាគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។
ទន្ទឹមនឹងនេះឯកឧត្តម ហេង រតនាក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡេីងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការនៅខេត្តចំនួនប្រាំបីត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល ៨៥ថ្ងៃ គិតពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៥តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ។
ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ អក្ខរា

