តារាកំប្លែងនាយ កុយ នឹងហោះត្រឡប់ទៅចាក់ថ្នាំគីមីនៅប្រទេស ថៃ នៅខែក្រោយ ខណៈមិត្តរួមអាជីពនិងអ្នកគាំទ្រសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់លោក ។ ទោះជាយ៉ាងនេះក្តីតារាកំប្លែងនាយ កុយ បានបង្ហាញពីស្ថានភាពសុខភាពរបស់ខ្លួនថាពេលនេះខ្លួនបានល្អប្រសើរច្រើន ទោះបីជាលោកត្រៀមហោះទៅចាក់ថ្នាំគីមីនៅខែក្រោយយ៉ាងណាក្តី ។

តារាកំប្លែងនាយ កុយ បានមកដល់ស្រុក ខ្មែរ វិញកាលពីល្ងាចថ្ងៃច័ន្ទកន្លងមកនេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់ពេលជិត២សប្តាហ៍នៅប្រទេស ថៃ ។ លោកទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅទីនោះ សូម្បីតតែការវះកាត់ក៏ទទួលបានជោគជ័យដែរ ។
ថ្វីដ្បិតតែការវះកាត់ដុះសាច់នៅក្នុងពោះវៀនធំរបស់តារាកំប្លែងនាយ កុយ ទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែពេលមកដល់ស្រុកកំណើតវិញលោក បែរជានិយាយថា លោកនឹងត្រឡប់ទៅប្រទេស ថៃ ជាថ្មីម្តងទៀតនៅខែក្រោយ ដើម្បីចាក់ថ្នាំគីមី ។
បន្ទាប់ពីឃើញតារាកំប្លែងនាយ កុយ បង្ហើបដំណឹងបែបនេះ ធ្វើឱ្យមិត្តសិល្បៈនិងអ្នកគាំទ្រជាច្រើនសម្តែងនូវការព្រួបារម្ភចំពោះសុខភាពរបស់លោក ។ តែទោះជាយ៉ាងណាទាំងមិត្តសិល្បៈក៏ដូចជាអ្នកគាំទ្របានផ្ញើសារជូនពរលោកឆាប់ជា ឆាប់បានត្រឡប់មកធ្វើការងារសិល្បៈវិញ ។
តារាកំប្លែងនាយ កុយ ហាក់មិនមានអារម្មណ៍ភ័យខ្លាចក្នុងការត្រៀមខ្លួនត្រឡប់ទៅចាក់ថ្នាំគីមីឡើយ ផ្ទុយទៅវិញលោកនិយាយដោយភាពជឿជាក់ថា លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីចាក់ថ្នាំគីមីនៅខែក្រោយ ហើយលោកនឹងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញក្នុងពេលឆាប់ៗ ៕

