« បើអូនយកប្តី » គឺបទចម្រៀងថ្មីរបស់តារាចម្រៀងរួបសង្ហា រាជ ប្រាថ្នា នៅក្នុងផលិតកម្ម Galaxy Navatra ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។

មុននឹងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាចំណងដៃដល់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ក្នុងនោះដែរតារាចម្រៀងរូបសង្ហា រាជ ប្រាថ្នា ក៏ទើបនឹងចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « បើអូនយកប្តី » ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យ បែបសប្បាយៗ រំសាយអស់ទុក្ខកង្វល់ ។
ក្នុង MV ចម្រៀង « បើអូនយកប្តី » ក៏មានការចូលរួមសម្តែងពីតារាចម្រៀង ខាត់ សួស្តី ផងដែរ ។ មើលទៅលោក រាជ ប្រាថ្នា និងកញ្ញា ខាត់ សួស្តី ពិតជាសម្តែងស៊ីសង្វាក់គ្នាបានល្អណាស់ក្នុង MV ចម្រៀងនេះ រហូតធ្វើឱ្យអ្នកទស្សនាលាន់មាត់សរសើរគ្រប់ៗគ្នា ។
លោក រាជ ប្រាថ្នា បាននិយាយថា លោកពិតជារីករាយណាស់នៅពេលដែលបទចម្រៀង « បើអូនយកប្តី » ចេញជាផ្លូវការ លោករំពឹងថា បទចម្រៀងនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសអ្នកគាំទ្រទាំងអស់ក៏អាចរាំលេងកម្សាន្តជាមួយបទចម្រៀងមួយបទនេះ ។
ចាប់តាំងពីចេញបទចម្រៀងនេះជាផ្លូវការមក តារាចម្រៀងរូបសង្ហា រាជ ប្រាថ្នា តែងតែយកបទចម្រៀងនេះទៅបកស្រាយនៅលើឆាកប្រគំតន្រ្តីតាមបណ្តាខេត្តក្រុងនានា ហើយបទចម្រៀងនេះក៏មានការនិយមស្តាប់ពេញបណ្តាញសង្គម ហ្វេសប៊ុក និង TikTok ផងដែរ ។ តោះទៅទស្សនា MV ចម្រៀងថ្មីរបស់លោក រាជ ប្រាថ្នា ទាំងអស់គ្នា ដើម្បីទទួលបាននូវរសជាតិថ្មី ប្លែក នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ៕

