សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នៅ វិមានសន្តិភាព។
បណ្តាញសង្គមសម្តេចបវរធិបតី បានឲ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។
សូមជម្រាបថា រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបបការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និងលទ្ធផលល្អប្រសើររយៈពេលកន្លងមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព ឱ្យស្របតាមស្ថានភាពជាក់ស្តែង។
ចាប់ពីអាណត្តិទី៥ មក រាជរដ្ឋាភិបាល បានបង្កើត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល , ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព ,ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ៕


