គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានច្រានចោលការបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់បុគ្គល ប៊ុត ប៊ុនតិញ ពាក់ព័ន្ធនឹងការទទួលបានគោរម្យ៍ងារ«ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៣ ខែឧសភានេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានចាត់ទុកថា ការបកស្រាយរបស់បុគ្គល ប៊ុត ប៊ុនតិញ គឺក្នុងន័យមួលបង្កាច់បន្តុះបង្អាប់កិត្តិយស សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយបកប្រែខុស អត្ថន័យខ្លឹមសារ នៃបរិបទភាសាបាលី លើគោរម្យងារនេះទាំងស្រុង។
ទន្ទឹមគ្នានេះ គណៈសង្ឃពុទ្ធសាសនា ថាការបកស្រាយតាមភាពត្រឹមត្រូវ នៃភាសាបាលីគឺ គោរម្យ៍ងារ ពុទ្ធមាមកាភិបាល មកពីបាលីថា ពុទ្ធ+មាមក+អភិបាល ប្រែថាអ្នករក្សាដ៏ក្រៃលែងនូវ អ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា។ បុគ្គល ប៊ុត ប៊ុនតិញ បានយល់ខុសដោយខ្លួនឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះ ដឹងផ្នែកភាសាបាលី បានជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល។
ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានប្រកាសជាចំហរ និងដាច់អហង្ការថា បុគ្គល ប៊ុត ប៊ុនតិញ នេះមិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗគ្រប់រូបភាព។
គួរបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក ដែលមានសមាជិកអ្នកកាន់ពុទ្ធសាសនា ៥៥ ប្រទេស បានប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឈ្មោះថា “ពុទ្ធមាមកាភិបាល” ។ ព្រះសង្ឃ និងមហាពុទ្ធបរិស័ទក្នុងពិភពលោក បានសម្តែងនូវអំណរសាទរ និងអនុមោទនាចំពោះការទទួលបាន នូវគោរម្យងារពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ៕
អត្ថបទ៖ សីហា