សម្តេចតេជោ ហ៊ុន សែន៖ ការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា បទពិសោធរបស់ សម្តេច ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចរីករាយនឹងចែករំលែកនូវ បទពិសោធគន្លឹះជាច្រើនដែល សម្តេច មិនមានពេលគ្រប់គ្រាន់ក្នុងការចែករំលែកក្នុងវេទិកានានា ក្នុងពេលកន្លងទៅ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចតេជោ បានអរគុណ លោកសាស្រ្តាចារ្យ Tetsuya Watanabe និង លោកសាស្រ្តាចារ្យ Nobuhiro Aizawa ចំពោះពាក្យពេចន៍ និងការវាយតម្លៃខ្ពស់ចំពោះបទពិសោធ និងតួនាទីសម្តេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងតំបន់។ សម្តេចតេជោ បានកត់សម្គាល់អំពីតួនាទីនិងសារៈសំខាន់នៃវិទ្យាស្ថាន ERIA ក្នុងការសិក្សាស្រាវជ្រាវ និងការរៀបចំវេទិកាសេដ្ឋកិច្ចតំបន់ ដោយមានការចូលរួមពីប្រទេសអាស៊ីបូព៌ា ប្រទេសសេដ្ឋកិច្ចធំ និងប្រទេសនានាលើពិភពលោកផងដែរ។ សម្តេចតេជោ បានបន្តថា ការរៀបចំវេទិកាក្នុងទម្រង់ពីតូចទៅធំរបៀបនេះ ជាជំហានយុទ្ធសាស្រ្តដែលវិទ្យាស្ថាន ERIA គួរគិតគូរ។

សម្តេចតេជោ ក៏បានរំឭកអំពីការយកជីវិតទៅប្តូរនឹងការទទួលបានសន្តិភាពទាំងមូលនៅកម្ពុជាសម្រាប់រយៈពេលវែងនេះ។ សម្តេចតេជោ គូសបញ្ជាក់ថា រយៈកាល ២៦ឆ្នាំកន្លងមកនេះ កម្ពុជាកសាងនិង រក្សាបានសន្តិភាព ដែលជាសន្តិភាពវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ សម្តេចតេជោ បានបន្ថែមថា ក្រោយពីបញ្ចប់សង្រ្គាមផ្ទៃក្នុងទាំងស្រុង សម្តេចបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍ និងការប្រែក្លាយតំបន់តាមព្រំដែនជាតំបន់កិច្ចសហប្រតិបត្តិការល្អ។

សម្តេចតេជោ ក៏បានថ្លែងថាគោលដៅយុទ្ធសាស្រ្តទាំងពីរនេះ សម្តេច សម្រេចបានជាង ៩០% រួចហើយមកទល់នឹងពេលនេះ ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសជិតខាងយើងក៏បានកើនឡើងជាលំដាប់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទាំងនេះ គឺជាទ្រឹស្តី និងយុទ្ធសាស្រ្តរបស់ សម្តេច ផ្ទាល់ដែលនៅកម្ពុជា គេស្គាល់ថាជា “ទ្រឹស្តី និងយុទ្ធសាស្រ្ត ហ៊ុន សែន”។

សម្តេចតេជោ បានរំឭកផងដែរពីមូលហេតុដែលសម្តេច ត្រូវតែដឹកនាំកម្ពុជាចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ បន្តបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមានវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលនេះជាកាលានុវត្តភាពក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងរវាងអាស៊ានជាមួយដៃគូផ្សេងៗទៀត តាមរយៈ កិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបន្តថា យើងមិនអាចធៀបខ្លួនជាមួយនឹងតំបន់ណាមួយទេ គួរសំលឹងមើលអាស៊ានខ្លួនឯង តាមបែបប្រាកដនិយម និងសិក្សាពីខ្លួនឯង និងអ្នកជិតខាងឱ្យបានម៉ត់ចត់ ដោយ “យើងមិនអាចរត់រកឡានទឹកឆ្ងាយ នៅពេលភ្លើងឆេះផ្ទះនោះទេ”៕