សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា។ ពិធីនេះធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ សមាគមប្រជាជនសិង្ហបុរី។

អនុស្សរណៈនេះ គឺជាសក្ខីភាពនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគូទាំងពីរ ដែលជាអង្គការមហាជនមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។
អនុស្សារណៈនាពេលនេះ ជាឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាពិសេសយុវជននៃប្រទេសយើងទាំងពីរ៕

