ថ្លែងពីស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែក ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន យ៉ាងប្រទាក់ក្រទ្បា។
ជាក់ស្តែង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថាគម្រោងធំៗរបស់រាជរដ្ឋាភិបាលក្នុងតំបន់នេះ មានដូចជា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់ផ្លូវល្បឿន-លឿន ភ្នំពេញ-បាវិត ជាដើម។ ហើយគម្រោងទាំងនេះ ក៏នឹងផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែក កាន់តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ក៏ដូចជានៅទូទាំងខេត្តកណ្តាល ចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលបាននិងកំពុងរីកលូតលាស់បន្ថែមទៀតក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ក្រោមស្មារតីរួបរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លានិងសប្បុរសរបស់ពុទ្ធបរិស័ទ ជិតឆ្ងាយ ព្រមជាមួយនឹងការគាំទ្របង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ៕ អត្ថបទ៖ សីហា