កម្ពុជា-យូណេស្កូ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងទីក្រុងច្នៃប្រឌិតផ្សេងៗ

នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងរួមគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយចីរភាព។